ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ២០២០នេះ បានសម្រេចឯកភាពជាផ្លូវការឲ្យកម្មករ-និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ។
សម្ដេចបានថ្លែងថា ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដោយតម្រូវឲ្យអនុវត្តដាច់ខាត តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងរាលដាល ជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេល នៃថ្ងៃឈប់សម្រាក ចំនួន៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ ៕