ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះព្រះជាណាចក្រកម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់ លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។
ក្រសួងសុខាភិបាលក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដេីម្បីការពារការចម្លងនៅក្នុងសហគមន៍។
សូមបញ្ជាក់ថាគិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ថានភាពជំងកូវីដ-១៩ នៅកម្ពុជា មាន៖
– ចំនួនអ្នកព្យាបាល ជាសះស្បើយ សរុបទូទាំងប្រទេស មាន ចំនួន ១៣៣នាក់ (ស្មើនឹង ៨០,៦១% ធៀប នឹងចំនួនអ្នកមានវីរុស កូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស ៩៤នាក់ អ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន ៣២នាក់ ៖ បុរសជនជាតិខ្មែរ ០៧នាក់ និង ស្រ្តីជនជាតិខ្មែរ ០១នាក់ ដែលបានវិលត្រឡប់មកពី ប្រទេសឥណ្ឌូណេស៊ី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត + បុរសជនជាតិខ្មែរ ២៤នាក់ ដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កំពុង សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
– អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៦៥នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៥នាក់ )៕