ភ្នំពេញ៖ ដោយមើលឃើញអំពីសុខសន្តិភាព នៅកម្ពុជា លោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល ( SHALIMAR R IMPERIAL ) អនុព័ន្ធយោធាហ្វីលីពីនថ្មី បានដាក់ក្ដីសង្ឃឹមថា ក្នុងពេលអនាគតដ៍ខ្លី ប្រទេសខ្លួន នឹងទទួលបានសុខសន្តិភាព ដូចកម្ពុជាសព្វថ្ងៃដែរ។ នេះបើយោងតាម អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
ការថ្លែងរបស់លោកវរសេនីឯក បែបនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះ បេសកកម្មការទូតរបស់លោក វរសេនីឯក សាលីម៉ារ អ អុីមភើរាល នៅកម្ពុជា ហើយសង្ឃឹមថាយើងពិត ជាមានកិច្ចសហការល្អជាមួយគ្នា។
នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានរំលឹកពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងហ្វីលីពីន ដែលមានចាប់តាំងពីឆ្នាំ១៩៥៧ ហើយត្រូវផ្តាច់នៅឆ្នាំ១៩៧៥ ដោយសារប្រទេសកម្ពុជា ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយទើបតែក្នុងឆ្នាំ១៩៩២ ប្រទេសទាំងពីរ ក៏បានចាប់ផ្តើម មានទំនាក់ទំនងជាមួយគ្នា ឡើងវិញ និងបានរៀបចំប្រារព្ធខួប លើកទី៦០ឆ្នាំ នៃថ្ងៃភ្ជាប់ទំនាក់ទំនង ការទូត កម្ពុជា-ហ្វីលីពីន ផងដែរ។
ពាក់ព័ន្ធលើវិស័យការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានចុះអនុសារណៈជាមួយគ្នា ដើម្បីពង្រឹងវិស័យការពារជាតិ។ នាយឧត្ដមសេនីយ៍ សង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ១៩ស្ងប់ស្ងាត់ កងទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។
ជាកិច្ចឆ្លើយតប លោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល បានសំដែងការអំណរគុណ ចំពោះនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានអនុញ្ញាត ឲ្យរូបលោកចូលជួបសម្តែង ការគួរសមនាឱកាសនេះ។
លោកអនុព័ន្ធយោធា បានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់បានល្អការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ហើយរូបលោកមានបំណងសិក្សាស្វែងយល់លើបញ្ហានេះ ។
លោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល ក៏បានស្ញប់ស្ញប់ស្ញែង ចំពោះយុទ្ធសាស្ត្រ របស់កម្ពុជា ក្នុងការដោះស្រាយជំលោះរ៉ាំរ៉ៃកន្លងមក ហើយនេះជាផ្នែកមួយ ដ៍សំខាន់ដែលហ្វីលីពីនត្រូវសិក្សា។
លោកអនុព័ន្ធសង្ឃឹមថា ក្នុងពេលអនាគតដ៍ខ្លី ហ្វីលីពីននឹងទទួលបានសុខសន្តិភាពដូចកម្ពុជាសព្វថ្ងៃដែរ៕