ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួន ជនជាតិឡាវពីរនាក់ សង្ស័យជាប់ពាក់ព័ន្ធ ក្នុងករណីជួញដូរគ្រឿងញៀន ជិត ៦ គីឡូក្រាម ក្នុងទឹកដីខេត្តស្ទឹងត្រែង កាលពីចុងសប្ដាហ៍មុន ត្រង់ចំណុចផ្លូវលំ មួយកន្លែង ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។
លោកឧត្តមសេនីយ៍ត្រី យិន បញ្ញា រិ ទ្ធ នាយរងនៃ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យជនជាតិឡាវ ទាំងពីរនាក់ ដែលម្នាក់ជា គ្រូបង្រៀនភាសា អង់គ្លេស នោះ បានធ្វើ សកម្មភាពនាំ គ្រឿងញៀនឆ្លងដែនចូលមកទឹកដីកម្ពុជា ឆ្លងកាត់តាមចំណុចភូមិសាស្ត្រ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់ចាប់ឆែកឆេរ រកឃើញគ្រឿងញៀន ប្រភេទមេ តំហ្វេ តា មីន ចំនួនជិត ៦ គីឡូក្រាម និងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ។
នៅ ចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា គ្រឿងញៀននេះ ពិតជា របស់ខ្លួនជា អ្នកនាំយកមក ពិតប្រាកដមែន ។គ្រឿងញៀនត្រូវបានធ្វើតេស្តបឋម និងបានរកឃើញថា ពិតជា មានសារធាតុញៀន ពិតប្រាកដ មែន ។
បច្ចុប្បន្នវត្ថុតាង រួមជាមួយជនសង្ស័យជនជាតិឡាវកំពុងឃាត់ខ្លួន នៅ ស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅ ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង ចាត់ការទៅតាមនីតិវិធី ៕