ភ្នំពេញ៖ ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្ដានុពល ទាំងផ្នែកទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម ហើយក៏ជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់មួយ នៃព្រះជាណាចក្រកម្ពុជា ក៏ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ បានធ្វើអោយខេត្តមួយនេះ និយាយជារួម ទូទាំងពិភពលោក ត្រូវរងគ្រោះដោយសារវិបត្តិដ៏ធ្ងន់ធ្ងរនេះ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាល បានកាត់កញ្ចក់ថវិកាសម្រាប់ ការអភិវឌ្ឍខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២០ នៅសល់ត្រឹមតែ ៦៧ពាន់លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល។
លោកអភិបាលបញ្ជាក់ថា «តាមលទ្ធភាពនៃការប្រមូលពន្ធ របស់សាខាពន្ធដារ ខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល ។»
ទន្ទឹមនេះក៏បានណែនាំ ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំ កៀរគរបង្កើនកញ្ចប់ ថវិកាឆ្នាំ២០២១ ដើម្បីផ្សាភ្ជាប់ទៅនឹងផែនការ អភិវឌ្ឍរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដោយរៀបចំជាគម្រោង សកម្មភាពអភិវឌ្ឍខេត្តសម្រាប់ ឆ្នាំ២០២១ ស្របតាមកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។ទន្ទឹមនេះកិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៌ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀបចំគម្រោងផែនការ សកម្មភាពអភិវឌ្ឍ ដោយមានការចូលរួមពីមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ធ្វើការងារជាក្រុមច្របាច់បញ្ចូលគ្នា រៀបចំផែនការយុទ្ធសាស្ត្រ ឱ្យចំគោលដៅ។ម្យ៉ាងទៀតមកដល់ពេលនេះថវិកាឆ្នាំ២០២០ មិនទាន់បានអនុវត្តបាន ពេញលេញ ក្នុងគម្រោងទាំង១៣ ដូច្នេះយើងត្រូវរួមគ្នា ជម្រុញផែនការប្រើប្រាស់ ថវិការបស់យើង បំរើអត្ថប្រយោជន៍ និងគុណប្រយោជន៍ ក្នុងខេត្តព្រះសីហនុរបស់យើង ។
លោកគួច ចំរើន បានធ្វើផ្តាំផ្ញើដល់អស់លោកអភិបាល ក្រុង ស្រុក មន្ទីរ អង្គភាព ឃុំ សង្កាត់ ត្រូវតាមដានស្តាប់នូវបទបង្ហាញ ដោយយកចិត្តទុកដាក់ដើម្បីធ្វើផែនការ ឱ្យបានទាន់ពេលវេលាតាមស្ថានភាព ភូមិសាស្ត្រជាក់ស្តែងក្នុងខេត្ត ៕