ពលករខ្មែរ ជាង៨០នាក់ ត្រូវបានប៉ូលិសព្រំដែន ធ្វើការអប់រំ ក្រោយបំរុងឆ្លងដែនចូលថៃ

0

ភ្នំពេញ៖ បើទោះបីជាប្រទេសថៃ នៅបន្តបិទព្រំដែនរវាង កម្ពុជា-ថៃ យ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមាន បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបន្តប៉ុនប៉ង ឆ្លងដែនចូលទៅថៃ តាមច្រករបៀង (តាមមេខ្យល់) នានានៅតាមបណ្ដាព្រំដែន មួយចំនួន។

ជាក់ស្ដែង បើយោងតាមអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឱ្យដឹងថា៖

+ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ។

ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ៨៣នាក់ ស្រី ៣៤នាក់ និងកុមារ ០៥នាក់។

ចំពោះប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន។

+ ច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។

ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។

ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ៦៣នាក់ ស្រី ៣១នាក់៕