ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញនូវ នីតិវិធីពេលចូលវៀតណាម សម្រាប់និសិ្សតកម្ពុជា សិក្ខាកាមនគរបាល និងសិក្ខាកាមយោធាកម្ពុជា ដែលត្រូវចូលមកបន្តការសិក្សានៅប្រទេសវៀតណាម នាថ្ងៃទី១៥ ខែកក្កដា មេត្តាជ្រាប ដូចតទៅ:
១- នារីចូលមុន បន្ទាប់មកបុរស ហើយនឹងត្រូវដាក់ដោយឡែកនៅកន្លែង ២ផ្សេងគ្នាសម្រាប់បុរស និងនារី ក្នុងខេត្តតៃនិញ។
២- បំពេញប្រកាសសុខភាពមុនឲ្យហើយ។ ព្រីនចេញមកកាន់រៀងខ្លួន។
៣- ប្រញាប់ប្រមូលលិខិតឆ្លងដែន និងសូមជូនដំណឹងមកស្ថានទូត ឲ្យបានដឹងជាមុន។
៤- សូមរៀបចំទុកជាមុននូវម្ហូបអាហារ នំចំណី និងទឹក ក្នុងអំឡុងពេលរង់ចាំចូលវៀតណាម គឺនៅថ្ងៃ១៥ ខែកក្កដានេះមិនមានបាយថ្ងៃត្រង់ផ្តល់ជូនទេ។
៥- ចាត់តាំងតំណាងនិស្សិត ២នាក់ ឬ ១ក្រុម ធ្វើដំណើរទៅកាន់ ច្រក ទ្វារ ព្រំដែនមុនមួយថ្ងៃ នៃថ្ងៃដែលអាជ្ញាធរវៀតណាមអនុញ្ញាតឱ្យចូល ដោយនាំលិខិតឆ្លង ដែន ទៅ វាយត្រាមុន នៅច្រកទ្វាសងខាង។
៦- រៀបចំឥវ៉ាន់ដែលយកតាមខ្លួន ដោយគិតពីភាពងាយស្រួលទុកដាក់ និងធានាសុវត្ថិភាព។
៧- សូមរក្សាសណ្តាប់ធ្នាប់ល្អ វិន័យ និងត្រូវជួយគ្នាទៅវិញទៅមក
៨- ស្ថានឯកអគ្គរាជទូត មានជំនឿយ៉ាងមុតមាំថា បងប្អូន ក្មួយៗនិស្សិត និងសិក្ខាកាម ដែល វិល ត្រឡប់ចូលមកវៀតណាមដើម្បីបន្តការសិក្សាឡើងវិញ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕