ភ្នំពេញ៖ ក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាម ប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេស មានសំរាមជាង១ ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែក បើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា នៅរាជធានីភ្នំពេញសំរាម ដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ ម្ហូបអាហារមានចំនួន ៥៧,៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០,២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០%។ នេះបើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។
ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាម ជូនប្រជាពលរដ្ឋរស់នៅ ក្នុងគម្រោងទី១ បុរី ប៉េង ហួត នៅក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោរ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដើម្បីការគ្រប់គ្រងសំរាមឱ្យបានល្អ និងបរិស្ថានស្អាត! ត្រូវផ្ដើមពីយើង!!! «ក្រសួងបរិស្ថានសូមអរគុណបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមប្រតិបត្តិមេត្រីភាព ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសចូលរួមញែកសំរាម តាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាម តាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញ បាននិងសំណល់ដែលគ្រោះថ្នាក់»។
លោកបន្តថា អនុវត្តគោលការណ៍ ញែកសំរាម តាមប្រភេទនេះ ត្រូវបានអនុវត្តដោយក្រុមការងារ «ផ្តើមពីយើង» ដឹកនាំដោយលោក គួច វែងស្រ៊ុន និងយុវជនស្ម័គ្រចិត្ត និងចូលរួមអនុវត្តដោយក្រុមហ៊ុនបុរី ប៉េងហួត ហើយគម្រោងនេះទទួល បានការគាំទ្រដោយក្រសួងបរិស្ថាន ក្នុងគោលបំណងបណ្តុះស្មារតី ស្រឡាញ់បរិស្ថាន និងបង្កើនការចូលរួមរបស់ ប្រជាពលរដ្ឋញែកសំរាមតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត និងមានផាសុកភាពល្អ។
លោកនេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «ផ្តើមពីយើង» ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានសហការគ្នារៀបចំអនុវត្តគម្រោងនេះរហូតបាន ទទួលជោគជ័យនិងមានការចូលរួមគាំទ្រអនុវត្តពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកបានមានប្រសាសន៍ថា «ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានតែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។ ជាមួយនេះ លោក ក៏បានលើកឡើងពីផលប្រយោជន៍ នៃការរៀបចំទុកដាក់ និងបែងចែកសំរាម ឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញ ពីការបោះសំរាម ចោលផ្តេសផ្តាស។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនេះ មានក្ដីរំភើប និងពេញចិត្តក្នុងការចូលរួម បែងចែកសំរាមឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រុមការងារ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់បរិស្ថានឱ្យកាន់តែល្អ ស្អាតបន្ថែមទៀត។ ទាំងលោក គួច វែងស្រ៊ុន ប្រធានគម្រោង «ផ្តើមពីយើង» និងលោកស្រី ជាវ សម្បត្តិ តំណាងក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងអំណរគុណឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានគាំទ្រគម្រោងដ៏មានសារៈសំខាន់នេះ និងបានថ្លែងអំណរគុណប្រជាពលរ្ឋដែលបានចូលរួមអនុវត្តគម្រោង។ សូមបញ្ជាក់ថា គម្រោងផ្ដើមពីយើងបានប្រគល់ធុងសំរាមចំនួន ២០០ឈុត ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះដែលពលរដ្ឋអាចទុកដាក់សំរាមតាមប្រភេទ ហើយនៅលើធុងសំរាមនោះមានការរចនាជាកន្លែងសម្រាប់ដាំដំណាំរួមផ្សំផ្សេងទៀត ឬផ្កាលម្អជាដើម។
ក្នុងនាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក មានជំនឿថាគម្រោងផ្តើមពីយើងនេះ នឹងទទួលបានជោគជ័យ ហើយក្លាយជាគំរូ សម្រាប់កាអនុវត្ត នៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ និងជំរុញចលនាញែកសំរាម តាមបច្ចេកទេស និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវនៅទូទាំងប្រទសកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាម ដែលដឹកយកទៅចាក់ចោល នៅលើទីលានចាក់សំរាម នឹងត្រូវបានកាត់បន្ថយ ដោយសំរាមខ្លះ អាចយកទៅកែច្នៃ និងប្រើប្រាស់ឡើងវិញសំណល់សរីរាង្គ ដែលជាសំណល់ម្ហូបអាហារ អាចកែច្នៃជាជីកំប៉ុស្តិ៍ ដាក់លើដំណាំ ឬរុក្ខជាតិផ្សេងទៀតបាន៕