ក្រសួងបរិស្ថាន ព្រមានចាត់វិធានការ លើអ្នកទិញ-លក់ ផ្កាអូគីដេ នៅក្នុងតំបន់ការពារធម្មជាតិ

0

ភ្នំពេញ៖ ក្រសួងបរិស្ថាន សូមជម្រាបជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា កន្លងមកមានជន ខិលខូចមួយចំនួន បានធ្វើការបំផុសព័ត៌មាន នៅក្នុងបណ្តាញសង្គម អំពីការប្រមូលទិញប្រភេទកេសរកូលព្រៃ ក្នុងតម្លៃខ្ពស់ ដែល ជាហេតុជំរុញឱ្យមានការ ប្រមូលកេសរកូលព្រៃ ពីតំបន់ការពារធម្មជាតិ ដោយអនាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។

ក្រសួងបញ្ជាក់ថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់ ប្រភេទកុសរកូលព្រៃ កេសរកូល និងអាចឈានដល់ ការផុតពូជទាំងស្រុងនូវប្រភេទ ព្រៃមួយចំនួន។

ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយ ដែលបាននិងកំពុង ប្រមូលជួញដូរ និងធ្វើអាជីវកម្មប្រភេទ កេសរកូលព្រៃ ពីក្នុងតំបន់ការពារធម្មជាតិ ទាំងការធ្វើអាជីវកម្ម ឬក្នុងគោលបំណងណាមួយ គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ ចំណុច៣ ចំណុច៤ និងមាត្រា ៦១ ចំណុច៤។
ក្នុងន័យនេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសិទ្ធិប្រើប្រាស់ ធនធានធម្មជាតិ របស់ប្រជាសហគមន៍ ស្របតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន សូមដាក់ ចេញនូវវិធានការ និងការណែនាំ ដូចខាងក្រោម ៖

– បញ្ឈប់នូវរាល់ សកម្មភាពខុសច្បាប់ជាអាទិ៍ ការដឹកជញ្ជូន ការប្រមូល ការធ្វើសន្និធិកេសរកូលព្រៃ

– បញ្ឈប់នូវរាល់សកម្មភាពទិញ-លក់កេសរកូលព្រៃ

ក្រសួងបរិស្ថាន ដោយសហការជាមួយ ក្រសួងស្ថាប័ន មានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាព ល្មើសដូចបាន រៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមក្រសួងស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ជួយធ្វើការផ្សព្វផ្សាយ សេចក្តីជូនដំណឹងនេះ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹង និងចូលរួមគោរពច្បាប់ ទាំងអស់គ្នា ដោយមិនប្រព្រឹត្តសកម្មភាព គ្រប់រូបភាពនៅក្នុងតំបន់ ការពារធម្មជាតិ ហើយសូមផ្តល់កិច្ចសហការ ក្នុងការអនុវត្តវិធានការចាំបាច់នានា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕