ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃកម្ពុជា ស្នើភាគីវៀតណាម គោរពឱ្យបាន ម៉ឺងម៉ាត់ ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តី ប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រម ព្រៀងពាក់ព័ន្ធ រវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ជៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយ ដែលអាចប៉ះពាល់ កិច្ចការដ៏សំខាន់នេះ រហូតដល់វេលា ដែលគណៈកម្មការចំរុះ ព្រំដែនទាំងពីរឯកភាពខណ្ឌសីមានិង បោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។
តាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២ ០ លោក សក់ សេដ្ឋាមានប្រសាសន៍ ថា “ការបោះតង់ របស់ភាគីវៀតណាម ចូលមកតំបន់ព្រំដែនកើតឡើង នៅអំឡុងខែមីនា ឆ្នាំ២០២០។
ក្រសួងមហាផ្ទៃ បានទទួលព័ត៌មាន ពីកម្លាំងនគរបាលការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាម បានបិទច្រកទ្វារព្រំដែន ដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់ និងដាក់ពង្រាយកងទ័ពការពារ ព្រំដែននៅតាមបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាព ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩(COVID-19) ដោយលើក ទង់ជាតិវៀតណាមនិងបដាសរសេរជាភាសា វៀតណាមថាប៉ុស្តិ៍ទប់ស្កាត់ជម្ងឺកូវីដ១៩។
លោកបន្ដថា ពាក់ព័ន្ធនឹងសកម្មភាពបោះតង់ របស់ភាគី វៀតណាម ក្រសួងមហាផ្ទៃបានណែនាំ ដល់អភិបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនសហការចុះទៅសម្របសម្រួល និងចរចាជាមួយភាគីវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ។ ជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមរុះរើចេញ និងរំកិលតង់មួយចំនួន ថយក្រោយ។
ទន្ទឹមនេះ ភាគីវៀតណាមបានឆ្លើយតបមកអាជ្ញាធរកម្ពុជាថា វៀតណាមនឹងរុះរើតង់ទាំងនោះចោលវិញក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានកំចាត់ចោលទាំងស្រុងនាពេលខាងមុខ។
ម្យ៉ាងទៀត ក្រសួងមហាផ្ទៃក៏បានស្នើ គណៈកម្មាធិការចំរុះកិច្ចការព្រំដែនដើម្បីពិភាក្សា ចរចាជាមួយភាគី វៀតណាមឲ្យរុះរើតង់ទាំងនោះចេញ និងរក្សាស្ថានភាពដដែល នៅតាមបណ្តោយព្រំដែនដែល ពុំទាន់ឯកភាពខណ្ឌសីមានិងបោះបង្គោល រួចតាមរយៈ លិខិត ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។
ជាការឆ្លើយតប គណៈកម្មាធិការចំរុះ កិច្ចការព្រំដែន បានស្នើមកក្រសួងមហាផ្ទៃ ផ្តល់ចំណុចនិយាមការ នៃទីតាំងបោះតង់របស់ភាគីវៀតណាម។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុងបូកសរុបផ្ទៀងផ្ទាត់ និយាមការទាំងនោះ ដើម្បីផ្តល់ជូនគណៈកម្មាធិការ ចំរុះកិច្ចការព្រំដែនចាត់ចែង តាមសមត្ថកិច្ច។
ពាក់ព័ន្ធនឹងបញ្ហា ខាងលើនេះ កន្លងមកផ្អែកតាមលិខិតរបស់រដ្ឋបាលខេត្តកណ្តាល ក្រសួងការបរទេសខ្មែរក៏បានធ្វើកំណត់ទូតទៅភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីតវ៉ាអំពីសកម្មភាព បោះតង់របស់ភាគីវៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ២៤១-២៤៥, និងនៅតាមបណ្តោយព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះបង្គោលព្រំដែន លេខ ២៤៧-២៥៣ និងទាមទារភាគីវៀតណាមឲ្យរុះរើតង់ទាំងនោះចេញ និងស្នើឲ្យរក្សាស្ថានភាពនៅដដែលនៅតាមតំបន់ព្រំដែនទាំងនេះ ស្របតាមស្មារតីនៃប្រកាសព័ត៌មានរួមរបស់នាយករដ្ឋមន្ត្រីទាំងពីរឆ្នាំ១៩៩៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥។
លោក សក់ សេដ្ឋា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ចំនួនតង់ដែលភាគីវៀតណាមបាន រុះរើចេញវិញចំនួន៨កន្លែង។ ក្នុងនោះ តង់ដែលបាន បោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែង ខណ្ឌសីមានិងបោះបង្គោល ព្រំដែនសរុប ចំនួន៤២តង់។
-ស្នើរដ្ឋបាលខេត្តនិងកម្លាំង មានសមត្ថកិច្ចកម្ពុជាបន្តកិច្ចសហការ ជាមួយភាគីវៀតណាម ក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅតាមបណ្តោយព្រំដែន សំដៅ ទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
– ស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ជាប់ព្រំដែនកម្ពុជា-វៀតណាម បន្តតាមដាន សកម្មភាពរបស់ភាគី វៀតណាមឱ្យ បានខ្ជាប់ខ្ជួន៕