កម្ពុជា-កូរ៉េ ប្ដេជ្ញាស្ដារសេដ្ឋកិច្ចឡើងវិញ ឱ្យបានឆាប់រហ័ស បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ចប់

0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា-កូរ៉េ បានបង្ហាញ ជំហរសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ឱ្យបានឆាប់រហ័ស បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ចប់។

ថ្លែងក្នុងជំនួប ទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) រវាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ភាគីទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយមនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

សូមរំលឹកថា ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៩ មាន ប្រមាណ ១.០៣២ លានដុល្លាអាមេរិក មានការកើនឡើង ២៥៤% ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លាអាមេរិក។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥% ក្នុងមួយឆ្នាំ  ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

នៅក្នុងនោះដែរ រដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។

ជាមួយគ្នានេះដែរ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តនេះ ស្របតាម “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា” និង “យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤” ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕