គ្រឿងញៀន យ៉ាងសំបើម ក្នុងខេត្តចំនួន៤ ត្រូវបានដុតបំផ្លាញចោល

0

ភ្នំពេញ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩,០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង ខេត្តប៉ៃលិន ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

តាមរបាយការណ៍ របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងជាតំណាងសាលាដំបូងទាំងបីផ្សេងទៀត បានលើកឡើងថា គ្រឿងញៀនដែលបានយកមកដុតបំផ្លាញ ក្នុងពិធីនេះគឺមាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩,០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។

ថ្លែងក្នុង​ពិធី​ដុត​ បំផ្លាញ​គ្រឿងញៀន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានមានប្រសាសន៍ថា “ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ វិធានច្បាប់ ផែនការកម្មវិធី និងយុទ្ធនាការមានប្រសិទ្ធភាពនានា សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ”។

លោកបានបន្តថា “ការរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននោះទេ ប៉ុន្តែបានផ្តល់ជានិមិត្តរូបនៃការចូលរួមប្រកបដោយឆន្ទៈមោះមុត ច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់ របស់ស្ថាប័នតុលាការ និងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធដទៃទៀត”។

លោករដ្ឋមន្ត្រី ក៏បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា រួមជាមួយនឹងមន្ត្រី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្តទាំង៤ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានលើកទ្បើងអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនទៅលើបុគ្គលផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយបានអំពាវនាវ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងនិយាយថា “ទេ” ចំពោះគ្រឿងញៀន៕