ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា រយៈពេល ៦ខែ ឆ្នាំ២០២០ ក្រសួងបានដោះអន្ទាក់គ្រប់ប្រភេទចេញពី តំបន់ការពារធម្មជាតិ ចំនួន ២០១៧៩ អន្ទាក់ មានន័យថា បានជួយជីវិតសត្វព្រៃ ជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត ។ នៅឆ្នាំ២០១៩ កន្លងទៅអន្ទាក់ចំនួនជាង ៤ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ ការពារធម្មជាតិ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងបរិស្ថាន ។
ក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអ្ន កសារព័ត៌មានទៅកាន់ស្នាក់ការល្បាតស្ទឺងព្រាត់ ក្នុងឧទ្យានជាតិភ្នំក្រវាញខាងត្បូង ស្ថិតក្នុស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៩ កក្កដា លោក នេត ភក្ត្រា បញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារ ធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ចំនួន ៣២ ៣២២អន្ទាក់ ត្រូវបានដោះចេញពីតំបន់ ការពារធម្មជាតិក្នុងរយៈពេល ១៨ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០) ។
អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កា ន់តែមានសភាពគ្រោះថ្នាក់ឡើង នៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ ដោយប្រើប្រាស់ចរន្តអគ្គុសនី ដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វ សប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់ គឺជាឃាតកលាក់មុខ ដែលអាចសម្លាប់សត្វព្រៃ គ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំ រាមកំហែងដល់ ប្រភេទសត្វមួយចំនួន ដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពី លើផែនដីយើងនេះ ។
ចំពោះមុខនៃការគំរាមកំហែង របស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់បទល្មើស បំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្ស ក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និងបំផ្លាញអន្ទាក់ចោលដើម្បី សង្គ្រោះជីវិតសត្វព្រៃផងដែរ។
ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថា បរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំង ឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញ ដោយសារតែអាចមានមេរោគផ្សេងៗ។
ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ ននិងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំ ផែនការបង្កើនជីវភាព ប្រជាសហគ មន៍មូលដ្ឋានដែលរស់នៅ ក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មី ក្នុងវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់របស់ពួកគាត់ ៕