វៀតណាម ត្រៀមទទួលនិស្សិត-សិក្ខាកាមកម្ពុជាជាង ៥០០នាក់ ទៅសិក្សាបន្តចាប់ពី ពាក់កណ្ដាលខែនេះ

0

ភ្នំពេញ៖ លោក ង្វៀន ហ៊្វូជុង ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានថ្លែងថា ខេត្តតៃនីញ ត្រៀមទទួលនិស្សិត-សិក្ខាកាម  កម្ពុជាចំនួន ៥១២នាក់ ចូលទៅបន្តការសិក្សា ក្នុងប្រទេសវៀតណាមវិញ ចាប់ពីពាក់កណ្តាលខែកក្កដានេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ

កម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ង្វៀន ហ៊្វូជុង ប្រធានរដ្ឋវៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចការតំបន់ និងពិភពលោកដែលជាក្តីកង្វល់រួម ។ 

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះលោក ង្វៀន ហ៊្វូជុង បានសម្តែងការអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោ ដែលទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩  ហើយកំពុងបន្តចាត់វិធានការ យ៉ាងសកម្មដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលកំពុងជួបការលំបាក ឲ្យបានទាន់ពេលវេលា ក៏ដូចជាស្តារសេដ្ឋកិច្ច សង្គមកម្ពុជាដែលរង ផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ ១៩។ 

ប្រធានរដ្ឋវៀតណាម បានជម្រាបជូនព័ត៌មានដល់សម្ដេចថា «ខេត្តតៃនីញត្រៀមទទួលនិស្សិត-សិក្ខាកាម  កម្ពុជាចំនួន៥១២នាក់ ចូលទៅបន្តការសិក្សា ក្នុងប្រទេសវៀតណាមវិញ ចាប់ពីពាក់កណ្តាលខែកក្កដានេះ» ។ 

ជាការឆ្លើយតប សម្តេចតេជោ សម្តែងការអបអរសាទរ ចំពោះវៀតណាមដែលរៀបចំ ដោយជោគជ័យតាមប្រព័ន្ធវីដេអូ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងបានកោតសរសើរ រដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់ គណបក្សកុម្មុយនីស្តវៀតណាម ដែលបានចាត់វិធានការ យ៉ាងមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ ហើយទន្ទឹមនេះ ក៏នៅរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

សម្តេចតេជោ បានឆ្លៀតឱកាសនោះ អរគុណវៀតណាមដែល បានផ្តល់បរិក្ខារពេទ្យដល់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងបានឯកភាពសម្រួលឲ្យ និស្សិត-សិក្ខាកាមកម្ពុជា ចូលទៅបន្តការសិក្សា នៅតាមគ្រឹះស្ថានសិក្សា ក្នុងប្រទេសវៀតណាមវិញ។  

ថ្នាក់ដឹកនាំកំពូលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា វៀតណាម ដែលត្រូវបានពង្រឹង និងពង្រីកឱ្យមានការរីកចម្រើនជា ផ្លែផ្កាលើគ្រប់វិស័យ និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។  

សម្តេចតេជោ ក៏បានស្នើឲ្យប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរព័ត៌មាន គាំទ្រគ្នាទៅវិញទៅមក ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការ សម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែន ទៅមកឲ្យបានកាន់តែងាយស្រួល ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៧ពាន់លានដុល្លារ តាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ 

ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រំទំនាក់ទំនងក្នុងភាព អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំឡើងថែមទៀត ដោយខិតខំអនុវត្តឱ្យបានកាន់តែល្អ នូវបណ្តាសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប។ 

ថ្នាក់ដឹកនាំកំពូលទាំងពីរ បានសម្តែងនូវការអបអរដ៏ខ្លាំងក្លា ចំពោះការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទទួលស្គាល់ សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ ដែលសម្រេចបាន ៨៤% ព្រមទាំងឯកភាពពន្លឿន ការដោះស្រាយបញ្ហាព្រំដែន ១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ៕