ដំណឹងល្អ! រាជរដ្ឋាភិបាល នឹងសងថ្ងៃឈប់សម្រាក ដែលផ្អាកកាលពីបុណ្យចូលឆ្នាំ ដល់ពលរដ្ឋវិញ ឆាប់ៗនេះ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពនៃការសង ជូនប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសវិញ នូវការឈប់សម្រាកពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ដែលបានផ្អាក ដោយសារតែវិបត្តិជំងឺកូវីដ១៩ ។ នេះបើយោងតាម AKP ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅថ្ងៃទី៨ កក្កដានេះថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពនៃការសង ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ហើយបន្ទាប់ពីសិក្សាលទ្ធភាពរួចហើយ ក្រសួងស្ថាប័នត្រូវដាក់ជូនសម្តេចតេជោ ពិនិត្យជាចុងក្រោយ មុននឹងសម្រេចជាផ្លូវការថា នឹងសងប្រជាពលរដ្ឋវិញ ចំនួនប៉ុន្មានថ្ងៃ ហើយនៅថ្ងៃណា ខែណា?» ។

លោកបន្ថែមថា «ការសងថ្ងៃឈប់សម្រាកនេះ គឺអាចកើតឡើងក្នុងពេលឆាប់ៗនេះ គឺអាចសង ៧ថ្ងៃតែម្តង ដោយអនុវត្តចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ» ។

គួររំលឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិនៃការ រីករាលដាលវីរុសកូវីដ១៩ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោ ក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ៕