ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ជួយសម្រាលទុក្ខលំបាករបស់កម្ពុជា ក្នុងដំណាក់កាលកូវីដ១៩ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ២៥០លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹង ផលប៉ះពាល់ផ្សេងៗ ដែលកើតឡើងដោយសារ ជំងឺរាតត្បាតនេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍអាស៊ី នៅថ្ងៃទី៨ កក្កដានេះ បានឲ្យដឹងថា កម្ចីទាំងនេះនឹងជួយពង្រឹង ប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស បង្កើនជំនួយសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការ គាំទ្រសេដ្ឋកិច្ច សម្រាប់អាជីវកម្ម ដែលរួមមាន សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។
ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បានមានប្រសាសន៍ថា «កម្ពុជាមានកំណត់ត្រា នៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ COVID-19 គំរាមធ្វើឲ្យថយចុះ នូវការរីកចម្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្រ្តី និងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការ ចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើ ការគាំទ្រការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា» ។
សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា កម្ពុជា ជាប្រទេសងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់អវិជ្ជមាន នៃជំងឺកូវីដ១៩ ដោយសារសេដ្ឋកិច្ចបើក ចំហមូលដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាពលរដ្ឋចល័តច្រើន ។
ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថា សេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះត្រឹម ៥,៥% ក្នុងឆ្នាំ ២០២០ ដោយសារការធ្លាក់ចុះ នៃវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរទាបជាងមុន និងការធ្លាក់ចុះសកម្មភាពសំណង់។ ហានិភ័យនៃ ការធ្លាក់ចុះនេះអាចនឹងនាំឲ្យ ប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ ៕