អូស្ត្រាលីឲ្យលុយកម្ពុជាជាង ៧លានដុល្លារអូស្ត្រាលី សម្រាប់ បោសសម្អាតមីន

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសជំនួបទទួលទាន អាហារការងារជាមួយ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍គាំទ្រ និងប្តេជ្ញាបន្តជួយ ដល់ការងារបោសសម្អាតមីន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។ ចាប់ពីឆ្នាំ២០២០-២០២៤ អូស្ត្រាលីបានផ្តល់ជំនួយថវិកាចំនួន ៧,៦ លានដុល្លារអូស្ត្រាលី តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)។នេះបើយោងតាមអាជ្ញាធរមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមជាដៃគូដ៏មានសារៈសំខាន់មួយ និងរួមចំណែកយ៉ាងធំធេង ក្នុងការគាំទ្រដល់ការងារអភិវឌ្ឍន៍ និងវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះ អូស្រ្តាលី បានគាំទ្រថវិកាបោសសម្អាតមីន មនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩៤ ចំនួនជាង ១០០លានដុល្លារអូស្រ្តាលី។