ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីអំពី ការជំរុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដី ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមខេត្តនានា ដែលនាំឱ្យមានសង្គ្រាមដីធ្លី ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃបាន សូមជម្រាបថា ផ្អែកតាមលទ្ធផលនៃ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឲ្យរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ទៀលដី និងផ្ដល់កម្មសិទ្ធិដី ជូនដល់ប្រជាពលរដ្ឋដែលបាន កាន់កាប់និងអាស្រ័យផល ជាក់ស្តែង យូរឆ្នាំមកហើយ នៅលើទីតាំងដីដែល ស្ថិតនៅក្នុងផែនទីតំបន់ ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី ១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
ទន្ទឹមនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទប់ស្កាត់ដាច់ខាត ឲ្យមានការរុករានទន្ទ្រានដី ដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី។ អនុវត្តតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីជំរុញការកាត់ធៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលឲ្យបានល្អប្រសើរ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ ដល់រដ្ឋបាលខេត្តដូចខាងក្រោម៖
– ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុង កាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទី តំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅតាមខេត្តនានា ដើម្បីចាត់ចែង ធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍
-ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹង ការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការទប់ស្កាត់កុំឲ្យ មាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។រាល់ការ រុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវ ប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ ។
-ត្រូវខិតខំណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ និងឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿ តាមការញុះញង់ អូសទាញរបស់មេខ្យល់ ឬ ជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬ កេងចំណេញពីបញ្ហាដីធ្លីនេះ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន ។
-ចំពោះទីតាំងដីធ្លី ដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួល ដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និង យុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យបានច្បាស់លាស់អំ ពីសាវតារដីទំនាស់ សាវតារប្រជាពលរដ្ឋ និងការទាមទារ តវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែក សម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ។
-ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាមឬឯកសារនានា ពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវ តាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។ ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ ឲ្យបានម៉ឺងម៉ាត់ចំពោះ បុគ្គលជាមន្ត្រី មានសមត្ថកិច្ចដែលបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារមិនស្របច្បាប់នានា ពាក់ព័ន្ធនឹងដីធ្លី។
– ក្នុងការចាត់ចែងអនុវត្តការងារខាងលើនេះ រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នើសុំយោបល់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវ របស់ក្រសួងពាក់ព័ន្ធ នីមួយៗ។
អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ត្រូវខិតខំអប់រំ ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ការរានព្រៃដើម្បីកាន់កាប់ដី ការចូលទន្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាល ជ្រាប និងចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕