សម្ដេចតេជោ បន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឲ្យប្រយ័ត្នពីជំងឺកូវីដ-១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នេះបានបន្តផ្ញើសារ ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្ន យកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព អោយបានល្អ ជាពិសេសកុំអោយ ឆ្លងជំងឺកូវីដ-១៩។

តាមរយៈហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃនេះ សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា មកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់។

សម្ដេចបញ្ជាក់ថា «សូមបងប្អូនបន្តយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗ នៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជន ប្រើប្រាស់ចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់ ។»

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ចាក់បន្ថែមថា «ចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរម កពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមាន ហើយបានអនុញ្ញាត្តិអោយ ទៅរស់នៅដាច់ដោយឡែក នៅតាមផ្ទះ សូមធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។»

ជាមួយគ្នានេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏បានផ្ញើសារជូនពរបងប្អូនជួបតែសំណាងល្អ នឹងបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ គ្រប់ៗគ្នា។

សូមរំលឹកថា គិតត្រឹម ម៉ោង០៨:០០ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន១៤១នាក់ ក្នុងនោះជាសះស្បេីយ ចំនួន១៣១នាក់ និងកំពុងសំរាកនៅមន្ទីរពេទ្យចំនួន១០នាក់ និងស្លាប់គ្មាន ៕