ភ្នំពេញ៖ ដោយសង្កេតឃើញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើអាជីវកម្មលក់-ទិញ-ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមាន ភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេចក្ដីណែនាំមួយ ស្ដីអំពីហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
យោងតាម ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នៅកិច្ចប្រជុំ និងទទួលការណែនាំ ពីអភិបាលខេត្តសៀមរាប និងខសៀមរាបជាខេត្តទេសចរណ៍វប្បធម៌ ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ(ឆ្កែ) ត្រូវបាន ប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជន ខ្មែរយើងចាត់ទុកជាសត្វ ចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ(ឆ្កែ)មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង …។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើអាជីវកម្ម នេះ លក់-ទិញ-ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមាន ភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះ នូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឲ្យមាន ការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់ សុខភាពសាធារណៈនេះបើយោងតាមការសិក្សាស្រាវជ្រាវពី អង្គការសុខភាព សត្វពិភពលោក(OIE) និងអង្គការ ហ្វរផរ ( Four Paw) ។
ការដើរទាក់លក់-ទិញ និងពិឃាតសត្វ អាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោស យ៉ាងធ្ងន់ធ្ងរ តាម មាត្រា១ ១២ ,១១៣ , ១១៥ នៃច្បាប់នេះ ។
អាស្រ័យហេតុនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តហាមឃាត់ការ ធ្វើអាជីវកម្មទិញ-លក់ សម្រាប់ពិឃាតសត្វសុនខ គ្រប់ប្រភេទដោយ គ្មានការអនុញ្ញាត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទិញ-លក់ ពិឃាតសត្វសុនខ(ឆ្កែ) ទាំងអស់និងសាធារណៈ ជននឹងចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះឲ្យមាន ប្រសិទ្ធភាពខ្ពស់ចាប់ ពីថ្ងៃជូនដំណឹងនេះតទៅ ៕