ភ្នំពេញ៖ អ្នកទេសចរមួយក្រុម នាំមុខដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងប្រជាសហគមន៍ជនជាតិដើមភាគតិចប្រូវ នៃឧទ្យានជាតិវីរ:ជ័យ ក្នុងភូមិសាស្រ្តខេត្តរតនៈគីរី កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២០ បានប្រទះឃើញហ្វូងសត្វខ្ទីង កំពុងរកស៊ីនៅលើវាស្មៅ។
យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថាសត្វខ្ទីងចំនួន៥ក្បាល បានបង្ហាញខ្លួនដើរកស៊ីស្មៅខ្ចី លើខ្នងភ្នំត្រង់ចំនុចភ្នំរូងខ្លា ផ្លូវឆ្ពោះទៅតំបន់ភ្នំវាលធំ ក្នុងភូមិផាយ៉ាង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី ។ យោងតាមការឱ្យដឹងពី លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនៈគិរី អ្នកទេសចរផ្សងព្រេង សំដែងសេចក្តីរំភើប និងការសប្បាយរីរាយ នៅពេលបានឃើញហ្វូង សត្វកម្រទាំងនេះ។
សូមបញ្ជាក់ថា ជាធម្មតានៅជុំវិញ និងលើខ្នងភ្នំវាលធំ មានវត្តមានសត្វព្រៃ នៅទៅនោះដូចជា ប្រើស ជ្រូកព្រៃ កាំប្រម៉ា ទោច ឈ្លូស ខ្លាឃ្មំ និងឆ្កែព្រៃសត្វស្លាប ដូចជាកេងកងធំ ខ្លែង និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕