ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ បានផ្ញើសារ អបអរសាទរ ខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា « ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ បេតិកភណ្ឌ ពិភព លោក នៅ ទី ក្រុង Krakow ប្រទេស ប៉ូឡូញ ។»
សម្ដេចបន្តថាក្រោយ ចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បាន ក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ ទាក់ទាញ មួយ ។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម៕





