ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានជំរុញឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រៀមរៀបចំ លក្ខណៈជាមុន សម្រាប់ឆ្លើយតប នៅពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយកើតឡើង នាពេលខាងមុខ។
នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា លោករដ្ឋមន្រ្តីបានលើកឡើងថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យ មានការផ្លាស់ប្តូរនូវរដូវកាល របបទឹកភ្លៀង មិនទៀងទាត់ និងបង្កឱ្យកើតមានជា ញឹកញាប់នូវគ្រោះធម្មជាតិ ដូចជា រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់។ល។ ដែលគ្រោះមហន្តរាយទាំងនេះ អាចបង្កឱ្យមានផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ប៉ះពាល់ដល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ដូចនេះដើម្បីកាត់បន្ថយឱ្យបាន អតិបរមានូវផលប៉ះពាល់ដល់សុខភាពប្រជាជនរងគ្រោះ និងមូលដ្ឋានសុខាភិបាល ពីគ្រោះធម្មជាតិទាំងនោះ ជាពិសេស ខ្យល់ព្យុះ ឱ្យល់កន្ត្រាក់នឹងទឹកជំនន់ ដែលអាចកើតមាននៅពេលខាងមុខនេះ ខ្ញុំសូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈ អភិបាលរាជធានី -ខេត្ត មេត្តាណែនាំដល់លោក លោកស្រី ដែលជាប្រធានមន្ទីរសុខាភិបាល យកចិត្តទុកដាក់ ក្នុងការត្រៀមលក្ខណៈជាមុន ឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ឆ្លើយតបឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការសង្គ្រោះ ថែទាំសុខភាពប្រជាជនរងគ្រោះ។
លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា សូម ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ណែនាំលោកស្រីប្រធានមន្ទីរសុខាភិបាល ឱ្យធ្វើការពន្យល់ ណែនាំដល់មន្ត្រីក្រោមឱវាទ គ្រប់ជាន់ថ្នាក់ របស់ខ្លួន ឱ្យយកចិត្តទុកដាក់ អនុវត្តលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
+ត្រៀមរៀបចំក្រុមការងារ ចុះជួយសង្គ្រោះ និងព្យាបាលប្រជាជនរងគ្រោះ ជាពិសេសត្រូវរៀបចំផែនការ ក្នុងការផ្តល់ ណែនាំដល់លោក សេវាសំរាលកូន ដោយសុវត្ថិភាព ដល់ស្ត្រីមានផ្ទៃពោះ នៅកន្លែងរងគ្រោះ។
+ពិនិត្យលើធនធាន ត្រៀមឱសថ សម្ភារបរិក្ខារចាំបាច់ និងមធ្យោបាយបញ្ជូនអ្នកជំងឺ សម្រាប់ការចុះ អន្តរាគមន៍សង្គ្រោះប្រជាជនរងគ្រោះ។
+ទំនាក់ទំនង និងសហការឱ្យបានទាន់ពេលវេលា ជាមួយរដ្ឋអំណាចមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូ ក៏ដូចជាទប់ស្កាត់ នូវការចម្លងរោគដោយជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩។
+យកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទ្រព្យសម្បតិ្តសុខាភិបាលក្នុងមូលដ្ឋាន។
+តាមដានដោយយកចិត្តទុកដាក់ ពីការប្រែប្រួលបរិស្ថានធម្មជាតិ និងធ្វើការផ្សព្វផ្សាយជូនមន្ត្រីក្រោមឱវាទ និងប្រជាជនដើម្បីមានវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។
+ ផ្តល់របាយការណ៍ ប្រជាជនរងគ្រោះ មកក្រសួងសុខាភិបាល (នាយកដ្ឋានការពារសុខភាព) ឱ្យបានរួសរាន់ ដើម្បីក្រសួងមានលទ្ធភាព ឆ្លើយតបទាន់ពេលវេលា។
+សូមកត់ត្រា និងរក្សាទុកនូវទិន្នន័យកររបួសនិងស្លាប់ ដោយសារគ្រោះធម្មជាតិ ដូចជារន្ទះបាញ់ ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់។ល។ ឱ្យបានត្រឹមត្រូវ៕