ត្រៀមខ្លួន! ក្រសួងអប់រំ អនុញ្ញាតឲ្យ រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបហើយ 

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យ គ្រឹះស្ថានសិក្សាឯកជន អាចរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងឲ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថាន សិក្សារយ:ពេលចំនួនពីរថ្ងៃ។ នេះបើយោងតាមលិខិត របស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងក៏បានអនុញ្ញាត ឲ្យរៀបចំការប្រឡង តាមប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដាគុណភាព ដែលអាចទទួលយកបាន។

ក្រសួងនឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវស្តង់ដាគុណភាពផងដែរ។

ក្រសួងបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាឯកជនណា ដែលអនុវត្តតាមការណែនាំរបស់ក្រសួង គ្រឹះស្ថានសិក្សានោះ អាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជន ត្រូវចុះហត្ថលេខាដោយខ្លួនឯង។ហើយក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ ដើម្បីធានាបាននូវគុណភាព នៃសញ្ញាបត្រផងដែរ៕