រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើកូរ៉េផ្សព្វផ្សាយពីបរិយកាសវិនិយោគ ដ៏ល្អប្រសើរ របស់កម្ពុជា 

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើភាគីកូរ៉េតាមរយៈ  លោក ផាក ហឹងយឹង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាជួយផ្សព្វផ្សាយពីបរិយកាសវិនិយោគ ដ៏ល្អប្រសើររបស់កម្ពុជា ទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ទៀត។នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម។

ការស្នើនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការរវាង លោក ប៉ាន សូរស័ក្តិ  ជាមួយ លោក ផាក ហឹងយឹង (Park Heung-Kyeong)នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនយោបាយ ដែលទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខ។

លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាព និងការវិវត្ត នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ កម្ពុជានៅតែបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិក ជាប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ឱ្យទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងប្រព្រឹត្តិកម្មពិសេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយអង្គការ WTO ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្មពិភពលោក។

ក្នុងនោះផងដែរលោក ប៉ាន សូរស័ក្តិ ក៏បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយពីបរិយកាសវិនិយោគ ដ៏ល្អប្រសើររបស់កម្ពុជា ទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសសម្រាប់វិស័យកែច្នៃ កសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ដើម្បីផ្សារភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ តំបន់និងពិភពលោក ក៏ដូចជាវិនិយោគលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យ ដែលសាធារណរដ្ឋកូរ៉េ មានសក្ដានុពលខ្ពស់ ៕