ភ្នំពេញ៖ ស្របពេលដែរប្រទេសថៃ បាននឹងកំពុងបន្តដាក់ប្រទេស ក្នុងភាពមានអាសន្ន រយៈពេលមួយខែ បន្ថែមទៀត ក្នុងនោះនៅតាមបណ្ដាព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ក៏មិនទាន់សម្រេច បើកច្រកឡើងវិញ ក៏ប៉ុន្តែយើងនៅតែសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បានឆ្លងដែន ទៅកាន់ប្រទេសថៃ តាមច្រករបៀង (ផ្លូវកាត់ ឬតាមមេខ្យល់) ខណៈដែរអាជ្ញាធរថៃ ក៏បានបញ្ជួនពលករខ្មែរ ខុសច្បាប់ មកកាន់មាតុភូមិវិញ ជាហូហែរផងដែរនោះ ។
ជាក់ស្ដែង បើយោងតាមអគ្កនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ៖
+នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យ អ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ៥៧នាក់ ស្រី ២៨នាក់ និងកុមារ ១៣នាក់។
ចំពោះប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន។


+ចំណែក ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅថ្ងៃដដែលនេះ ក៏បានទទួលពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ និងមានការចូលរួមត្រួតពិនិត្យសុខភាព ពីក្រុមចត្តាឡីស័កប្រចាំមាត់ច្រក ។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ ព្រំ សូត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ, ២-ឈ្មោះ មុី សាមាង ភេទប្រុស អាយុ ៣០ឆ្នាំ, ៣-ឈ្មោះ ប៉ក នឿន ភេទស្រី អាយុ ៣៦ឆ្នាំ, ៤-ឈ្មោះ រី ស្រីណែត ភេទស្រី អាយុ ២០ឆ្នាំ ដែលអ្នកទាំង ០៤នាក់នេះ មានទីលំនៅបច្ចុប្បន្ន ភូមិតាទ្រូ ឃុំរៀប ស្រុករមាសហែក ខេត្តស្វាយរៀង។
បន្ទាប់មកពលរដ្ឋខាងលើនេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការអប់រំណែនាំ រួចប្រគល់ជូនក្រុមចត្តាឡីស័ក ដើម្បីអនុវត្តន៍នីតិវិធីបន្ត។


+ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានCOVID-19។
ដោយឡែក នៅច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏បន្តបិទច្រកជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។
ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។
ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ៨៦នាក់ ស្រី ៣៧នាក់៕
