ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន កម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ង បោកគ្រាប់បែកកែច្នៃ ចូលផ្ទះឪពុកម្តាយក្មេក នៅចំណុចដីស្រែចំការប្រ វ៉ា មានចម្ងាយពីផ្លូវជាតិលេខ៧ ប្រហែល ១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ វេលាម៉ោង ១៣និង០០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។
ករណីខាងលើបង្កដោយ ជនសង្ស័យឈ្មោះ ធា ធី ភេទប្រុស អាយុ ៤២ឆ្នាំ បានយកគ្រាប់បែកកែច្នៃចំនួន ៣គ្រាប់ និងសាំងចំនួន ៣ដប ក្នុងគោលបំណងយកទៅ គប់ចូលផ្ទះឪពុក និងម្តាយក្មេករបស់ខ្លួន ។ ពេលនោះបានដុត គ្រាប់បែកច្នៃ ១គ្រាប់ តែខុសបច្ចេកទេស ក៏ផ្ទុះត្រូវរបួស ដៃស្តាំខ្លួនឯង និងត្រូវឆេះរោលលើកូនប្រុស ខ្លួនឯងម្នាក់ទៀត ។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ធា ធី បាននៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃខែ ឆ្នាំ ដដែល ។ ឆ្លងតាមការពិនិត្យរបស់ គ្រូពេទ្យ និងប៉ុស្តិ៍សុខភាពបញ្ជាក់ថា ជនសង្ស័យ និងកូនត្រូវបញ្ជូនទៅ សម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យបង្អែកខេត្តទៀត ៕