ភ្នំពេញ៖ បន្ទាប់ពីមានជនបោកប្រាស់ម្នាក់ ដើររៃអង្គាសលុយ សម្រាប់យកទៅធ្វើបុណ្យ ៧ថ្ងៃឲ្យលោកឪពុកលោក ស្នងការខេត្តព្រះសីហនុរួចមក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសប្រាប់ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ លក់ដូរក្នុងខេត្តព្រះសីហនុ កុំឲ្យចាញ់បោកជនបោកប្រាស់ នេះតទៅទៀត ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កក្កដា លោកស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បានប្រកាសថា «ខ្ញុំបាទស្នងការនគរបាល ខេត្តព្រះសីហនុសូមគោរពនិង ជំរាបជូនបង ប្អូន ប្រជាពលរដ្ឋ និងអាជីវករ លក់ដូរក្នុងខេត្តព្រះសីហនុ បានជ្រាបថា ថ្ងៃទី៥/៧/២០ នេះមានជន ខិលខូចម្នាក់មានមុខដូច ក្នុងរូបថតនេះដើរបោកប្រាស់ អាជីវករយើង រៃអង្គាស ប្រាក់ ថាយកទៅធ្វើបុណ្យ(៧ថ្ងៃ)ឲ្យឪពុក បង្កើតលោកស្នងការ នគរបាលខេត្តព្រះសីហនុ» ។
លោកស្នងការបញ្ជាក់ថា «ខ្ញុំបាទកំព្រា ឪពុកតាំងតែពីឆ្នាំ១៩៧៤ មកម្លេះបាទ ។ ដូច្នេះសូមបងប្អូន និងអាជីវករក្នុងខេត្តយើង ឈប់ចាញ់បោកជននេះ បន្តទៀតទៅ» ។
លោកស្នងការខេត្ត ក៏បានប្រកាសឲ្យជនម្នាក់នេះ មកសារភាពនៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុជាបន្ទាន់ បើមិនដូច្នោះទេ លោកនឹងចាត់វិធានការ តាមនីតិវិធី ៕



