ភ្នំពេញ៖ ក្រោយផលិតកម្មមរតក មេឌៀ (Morodok Media) បានចេញនូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា «អ្នកព្រៃវែងអាក្រក់ត្រង់ណា» រួចមក លោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមទាំងអ្នកលេងបណ្ដាញសង្គមជាច្រើន បានផ្ទុះការរិះគន់យ៉ាងខ្លាំង រហូតទាមទារឲ្យមានការបិទផលិតកម្មនេះចោល និងចាត់ការតាមផ្លូវច្បាប់ទៀតផង ។
សូមរំលឹកថា កាលពីថ្ងៃទី២ កក្កដា ផលិតកម្ម Morodok Media បានបង្ហោះឃ្លីបវីដេអូបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ក្នុងបណ្ដាញផ្សព្វផ្សាយ សង្គមហ្វេសប៊ុក Morodok Media និងបណ្ដាញសង្គមយូធូប ដែលមានខ្លឹមសារ និងរូបភាព និយាយថា អ្នកព្រៃវែងសុទ្ធតែជាមនុស្សមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ ។
ទាក់ទិនបញ្ហានេះដែរ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានសម្ដែងនូវការមិនពេញចិត្ត និងហួសចិត្ត លើខ្លឹមសារការផលិតវីឌីអូឃ្លីប ចំរៀងមួយរបស់ផលិតកម្មមរតក មេឌៀ ។
លោកអភិបាលខេត្ត បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា «ខ្ញុំបាទជាអភិបាលនៃ គណៈអភិបាលខេត្តព្រៃវែង ហើយក៏ជាកូនអ្នកព្រៃវែងម្នាក់ផងដែរ ខ្ញុំសូមសំដែងការមិនពេញចិត្ត និងហួសចិត្តលើខ្លឹមសារការផលិត វីឌីអូឃ្លីបចំរៀងមួយ របស់ផលិតកម្មមរតក មេឌៀ (Morodok Media) ដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” និពន្ធដោយ លោក ឈន ស៊ីណា និងច្រៀងដោយលោក សយ រតនា» ។
លោកបន្តថា អត្ថន័យបទចម្រៀងនេះ បានបង្ហាញខ្លឹមសារអវិជ្ជមានជាខ្លាំង ដោយញុះញង់ រើសអើង បន្តុះបង្អាប់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ប្រជាពលរដ្ឋខេត្តព្រៃវែងជារួម ដោយមិនបានពិចារណា អោយបានគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូលជាសាធារណៈ តាមបណ្តាញសង្គមផ្សេងៗ។
លោកបន្ថែមថា ខ្លឹមសារបទចម្រៀងនេះ ក៏បានពន្លិចពីការបំបែក បំបាក់ជាតិសាសន៍ បន្ទាបតម្លៃ បន្តុះបង្អាប់កិត្តិយស និងប្រមាថសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋក្នុងខេត្តមួយ ដោយមិនមានការស្រាវជ្រាវ អំណះអំណាងច្បាស់លាស់ និយាយជារួមគឺបរិហារកេរិ៍ត និងញុះញង់អោយមានការ រើសអើងប្រជាជាតិកម្ពុជាមួយនេះ ។
លោកអភិបាលខេត្ត បានស្នើសុំរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងពាក់ព័ន្ធ ជួយរកយុត្តិធម៌តាមផ្លូវច្បាប់ ដល់ប្រជាពលរដ្ឋខេត្តព្រៃវែងផង ។
ក្រៅពីអភិបាលខេត្តព្រៃវែង ក៏មានអ្នកខេត្តព្រៃវែង និងអ្នកលេងបណ្ដាញសង្គមជាច្រើន បានផ្ទុះការរិះគនើ និងមិនពេញចិត្ត ចំពោះការតែងនិពន្ធ បទចម្រៀងមួយនេះឡើយ ។
ជាក់ស្ដែងអ្នកខេត្តព្រៃវែងម្នាក់ បានលើកជាមតិថា «ខ្ញុំគិតថាម្ចាស់ផលិតកម្ម មានចេតនាចង់ឲ្យឆាប់ល្បី ចុងក្រោយប្រើយុទ្ធសាស្រ្ត សូមទោសជាសាធារណៈយករួចខ្លួន ហើយផលិតកម្មគាត់មានគេស្គាល់ច្រើន និងបានល្បីដោយមិនចំណាយលុយ
សម្រាប់ខ្ញុំជាកូនអ្នកព្រៃវែងម្នាក់ដែរ ខ្ញុំគិតថាគួរតែបិទផលិតកម្មនេះ ហើយចាត់ការតាមផ្លូវច្បាប់» ។
អ្នកខ្លះទៀតនិយាយដែរថា «ខ្ញុំជាកូនអ្នកព្រៃវែង មិនពេញចត្តឃ្លិបវីដេអូ ដែលដៀលអ្នកព្រៃវែង ជាមនុស្សអាក្រក់ និងពូកចោលួចចោប្លន់អ្នកសុំទាន។ តើអ្នកនិពន្ធបានគិតទេ នៅទូទាំងប្រទេសមានព្រឹត្តការណ៍អ្វីខ្លះ?» ៕