ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត ឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀង RCEP ។
ក្នុងឱកាសទទួលជួប សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទង នឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា នាថ្ងៃទី២ កក្កដានេះលោក ប៉ាន សូរស័ក្ដិ បានជម្រាបជូនពីការអនុវត្តគោល នយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។
លោករដ្ឋមន្ត្រីបន្តថា តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់ និងឈានទៅរកការ ចុះហត្ថលេខាក្នុងឆ្នាំនេះ។
លោកបន្ថែមថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយ សម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែ ឈានទៅរកការធ្វើឧស្សាហនីយកម្ម សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែម សម្រាប់ផលិតផលក្នុងស្រុក។
សមាគម JBAC បានទទួលយកសំណើរបស់ លោករដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិន ទាំងនោះមកកម្ពុជា ៕