អង្គការទេសចរណ៍ ពិភពលោក៖ កម្ពុជាជាប្រទេសអាទិភាព ក្នុងការទទួលជំនួយស្តារ ទេសចរណ៍ឡើងវិញ

0

ភ្នំពេញ៖ គណៈកម្មាធិការអង្គការ ទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ ។

នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការ UNWTO តាមប្រព័ន្ធ Video Conference កាលពីថ្ងៃទី៣០ មិថុនាកន្លងទៅ បណ្តាប្រទេសជាសមាគមបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជា ទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពី WTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យ ទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19។

ក្នុងឱកាសនោះលោក ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះអង្គការ UNWTO បានលើកឡើងអំពីការចូលរួម របស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការចូលរួមរៀបចំគោលការណ៍ណែនាំ និងអនុសាសន៍ផ្សេងៗ ដល់បណ្តាប្រទេសសមាជិក UNWTO ក្នុងការទប់ស្កាត់ និងដោះស្រាយផលប៉ះពាលនៃវិបត្តិ COVID-19 និងការស្តារវិស័យទេសចរណ៍ ឡើងវិញបន្ទាប់ពីវិបត្តិ COVID-19។

ថ្លែងទៅកាន់បណ្តាសមាជិកនៃ UNWTO តាមរយៈ Video Conference លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយ UNWTO និងផ្នែកពាក់ព័ន្ធនានាទៀត ដើម្បីប្រយុទ្ធប្រឆាំង ការរាតត្បាតមេរោគ COVID-19។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា នៅក្នុងដំណើរការនៃ ប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគ COVID-19 នេះ កម្ពុជាបានអនុវត្តតាម UNWTO និងគណៈកម្មការអន្តរក្រសួង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការដាក់ឱ្យអ្នកសង្ស័យ ស្នាក់នៅដាច់ដោយឡែក ការរក្សាគន្លាតសង្គម ព្រមជាមួយគ្នានេះក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវវិធានសុវត្ថិភាព ទេសចរណ៍នៅជំហានទី១ បន្ថែមលើវិធានទប់ស្កាត់ COVID-19 របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាធានាបាននូវ ការទប់ស្កាត់ការរីករាលដាលមេរោគ COVID-19 ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសអនុវត្ត គោលការណ៍ឧបត្ថម្ភសាច់ប្រាក់ ជូនដល់បណ្តាប្រជាពលរដ្ឋក្រីក្រ និងអ្នកព្យួរការងារក្នុងវិស័យទេសចរណ៍ កំឡុងពេលវិបត្តិ COVID-19 ហើយក្រៅពីនេះ កម្ពុជាក៏បានរៀបចំកញ្ចប់ ប្រព័ន្ធអនុគ្រោះពន្ធជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្ម ក្នុងវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៣២ របស់គណកម្មាធិការ UNWTO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណនេះ ប្រទេសម៉ាឡេស៊ី និងមាល់ឌីវ បានធ្វើជាសហប្រធានរៀបចំ ដែលមានរដ្ឋមន្ត្រីទេសចរណ៍ មកពីបណ្តាប្រទេសចំនួន ២៨ ប្រទេសចូលរួម និងមានអគ្គលេខាធិការអង្គការ UNTWO និងបណ្តាអ្នកជំនាញជាច្រើនទៀត បានអញ្ជើញចូលរួមផងដែរ ៕