ភ្នំពេញ៖ លោក Wang yin Phingតំណាងក្រុមហ៊ុន Angkor Culture lnvstment and Development Group ខេត្តយូណាត នៃសាធារណៈរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក កំពុងសិក្សាពីសក្តានុពល ខេត្តបាត់ដំបង ដើម្បីមានបំណងចង់ វិនិយោគលើវិស័យវប្បធម៌ និងទេសចរណ៍នៅខេត្តនេះ ។
ក្នុងឱកាសចូលជួបពិភាក្សាស្វែងយល់ ពីសក្តានុពលខេត្តបាត់ដំបង ជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរស្ថាប័នពាក់ព័ន្ធ នារសៀលថ្ងៃទី១ កក្កដា តំណាងក្រុមហ៊ុនខាងលើបន្ថែមថា ក្រុមហ៊ុនលោកបានធ្វើការ វិនិយោគផ្នែកវប្បធម៌ និងទេសចរណ៍ នៅក្នុងខេត្តសៀមរាបរួចមកហើយ និងបន្តមកខេត្តបាត់ដំបងទៀត។
ជាការឆ្លើយតបលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ និងគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន Angkor Culture lnvstment and Development Group ដែលមានបំណង ចង់ដាក់ទុនវិនិយោគក្នុងខេត្តបាត់ដំបង ។
លោកអភិបាលខេត្ត ក៏បានបង្ហាញពីសក្តានុពលសំខាន់ៗ នៅក្នុងខេត្តបាត់ដំបចំនួន ៣ រួមមានវិស័យកសិកម្ម, វិស័យផ្នែកសេវាកម្ម និងវិស័យទេសចរណ៍ ដែលរមណីដ្ឋានបែបប្រវត្តិសាស្ត្រ និងរមណីដ្ឋានធម្មជាតិផងដែរ ៕