ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសបន្ធូរបន្ថយ អនុញ្ញាតឲ្យអ្នកដំណើរមួយចំនួន ចូលមកកាន់ប្រទេសថៃបាន ស្របពេលដែល បន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេលមួយខែបន្ថែមទៀត។
យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃ ប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល ១ ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសថៃ ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលថៃ ក៏បានប្រកាសបន្ធូរបន្ថយ អាជីវកម្មមួយចំនួន ឲ្យបើកដំណើរការឡើងវិញ បន្ថែមទៀត ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនថៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ ដែលតម្រូវឲ្យ បន្តអនុវត្តវិធានការ សុខាភិបាលយ៉ាងតឹងរ៉ឹង ដូចខាងក្រោម៖
* ក្លឹបកំសាន្ត បារ និងខារ៉ាអូខេនាពេលរាត្រី ប៉ុន្តែត្រូវបើកដំណើរការត្រឹមម៉ោង ១២យប់។
* បើកដំណើរការឡើងវិញនូវស្ថាប័នសិក្សានៅក្នុងប្រទេសថៃទាំងអស់។
*ផ្សារទំនើប ហាងលក់ទំនិញ និងហាងក្នុងសហគមន៍ អាចបើកដល់ម៉ោង ១០យប់។
*អនុញ្ញាតបើកកន្លែងលេងហ្គេម និងហាងផ្តល់សេវាកម្មអ៊ីនធើណិតកាហ្វេ។
*ហាងម៉ាស្សាខ្លួនអាចបើកបាន។
សំគាល់៖ ចំពោះសង្វៀនប្រជល់គោ ជល់មាន់ ជល់ត្រី និងទីកន្លែងប្រកួតដែលមានលក្ខណៈស្រដៀងនេះមិនអនុញ្ញាតឲ្យដំណើរទេ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលថៃ ក៏បានប្រកាសបន្ធូរបន្ថយ អនុញ្ញាតឲ្យអ្នកដំណើរមួយចំនួន ចូលមកកាន់ប្រទេសថៃបាន ចាប់ពីថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅតាមលក្ខណ្ឌ ដូចខាងក្រោម៖
១. អ្នកមានសញ្ជាតិថៃ
២. អ្នកដែលទទួលបានការលើកលែង ឬជាករណីដែលនាយករដ្ឋមន្រ្តីអនុញ្ញាត ឬអញ្ជើញចូលមកប្រទេសថៃ
៣. អង្គទូត មន្ត្រីកុងស៊ុល តំណាងអង្គការអន្តរជាតិ ឬតំណាងរដ្ឋាភិបាល និងស្ថាប័នបរទេស ដែលមក បំពេញបេសកកម្មនៅក្នុងប្រទេសថៃ ឬមន្រ្តីស្ថាប័នដែលក្រសួងការបរទេសអនុញ្ញាតតាមភាពចាំបាច់ ព្រមទាំងស្វាមីភរិយា ឪពុកម្តាយ ឬកូនរបស់មន្ត្រីទាំងនោះ
៤. អ្នកដឹកជញ្ជូនទំនិញចាំបាច់ ប៉ុន្តែពេលបញ្ចប់ភារកិច្ចត្រូវចេញពីប្រទេសថៃវិញភ្លាម
៥. អ្នកបញ្ជា យ៉ានយន្តដែលមានភាពចាំបាច់ ត្រូវចូលមកតាមភារកិច្ច ដោយនឹងមានការកំណត់ពេលវេលា ចាកចេញច្បាស់លាស់
៦, ជន បរទេសដែលជាភរិយា/ស្វាមីជាជនជាតិថៃ ព្រមទាំងឪពុកម្តាយ ឬកូនរបស់គាត់
៧. ជនបរទេសដែលមានប័ណ្ណស្នាក់នៅ ឬមានផ្ទះនៅក្នុងប្រទេសថៃ
៨. ជនបរទេសដែលមានប័ណ្ណអនុញ្ញាតការងារ ឬបានទទួលការអនុញ្ញាតឲ្យ ចូលមកបំពេញការងារនៅក្នុង ប្រទេសថៃ ព្រមទាំងស្វាមី ភរិយា និងកូនរបស់គាត់
៩. សិស្ស និងនិស្សិតបរទេស ដែលសិក្សានៅក្នុងប្រទេសថៃ ព្រមទាំងអាណាព្យាបាលរបស់គាត់
១០. ជនបរទេសដែល មានភាពចាំបាច់ ត្រូវចូលមកព្យាបាលជំងឺ និងអ្នកអមដំណើរ ប៉ុន្តែមិនមែនករណីចូល មកព្យាបាលជំងឺកូវីដ១៩ ទេ
១១. ជនបរទេសដែលទទួល ការអនុញ្ញាតឲ្យចូលមកកាន់ប្រទេសថៃ តាមការព្រមព្រៀង ពិសេសរវាងប្រទេស ថៃ និងប្រទេសនោះ ៖
* សំគាល់ ជនដែលចូលមកប្រទេសថៃ ត្រូវអនុវត្តតាមលក្ខខណ្ឌ កាលបរិច្ឆេទ និងគោលការណ៍ច្បាប់របស់ ប្រទេសថៃ ច្បាប់ការទប់ស្កាត់ជំងឺឆ្លង និងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងត្រូវអនុវត្តតាមវិធានការសុខាភិបា លតឹងរ៉ឹង ព្រមទាំងដាក់ខ្លួនឲ្យស្ថិតនៅ ដោយឡែកតាមទីតាំង ដែលកំណត់ដោយរដ្ឋ។
*លក្ខខណ្ឌក្នុងការចូលប្រទេសថៃ៖ ចំពោះអង្គទូតំណាងបរទេសដែលថែអញ្ជើញ
• លិខិតបញ្ជាក់ពីស្ថានឯកអគ្គរាជទូតថៃនៅភ្នំពេញថា មន្ត្រីនោះអាចចូលមកប្រទេសថៃបាន (Certificate of Entry) លិខិតបញ្ជាក់សុខភាពសម្រាប់ធ្វើដំណើរ (Fit to Travel/Fit to Fly Health Certificate)
អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួម សហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភ័បាលថៃឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងសូមរក្សា សុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។ ករណ៏បងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនង មកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល) និង០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)។ អាស្រ័យដូចជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕