កាន់តែងាយស្រួល!សេវាធ្វើ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ចូលកៀកដល់ផ្ទះពលរដ្ឋហើយ

0

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញប្រកាសមួយផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។

ក្រសួងក៏បានផ្ទេរសមត្ថកិច្ច ពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។

យោងតាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ៖  

ប្រការ១៖  ប្រកាសនេះមានគោលដៅ កំណត់អំពីការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅនិងបញ្ជីគ្រួសារ ប្រជាជនដែលមាន លំនៅឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ២ ៖ ត្រូវបានផ្ទេរសមត្ថកិច្ច ពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូននាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃ សមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ ស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។

 ប្រការ៣៖  ត្រូវបានផ្ទេរសមត្ថកិច្ច ពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅ គ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យ ក្នុងចុះបញ្ជីគ្រួសារស្របតាម លិខិតបទដ្ឋានគតិយុត្ត កំណត់។ 

ប្រការ ៤៖ បែបបទនិងនីតិវិធីនៃការចុះបញ្ជីសៀវភៅស្នាក់នៅ ចុះបញ្ជីសៀវភៅគ្រួសារ ការលុបឬបំពេញ បន្ថែមសមាជិក ការកែតម្រូវទិន្នន័យក្នុងបញ្ជីសៀវភៅស្នាក់នៅ ក្នុងបញ្ជីសៀវភៅគ្រួសារ ការផ្តល់ទុតិយតា ការផ្លាស់ប្តូរទីលំនៅ និងការចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន ត្រូវកំណត់ដោយសេចក្តីណែនាំរបស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម។

ប្រការ៥៖ សៀវភៅស្នាក់នៅនិង សៀវភៅគ្រួសារ ដែលបានផ្តល់ជូនកន្លងមក មានតម្លៃគតិយុត្ត ក្នុងការប្រើប្រាស់រហូតដល់មានការផ្លាស់ប្តូរថ្មី។ប្រកាស និងសេចក្តីណែនាំដែលបានអនុវត្ត ក្នុងការចុះបញ្ជីស្នាក់នៅនិងបញ្ជីគ្រួសារកន្លងមក នៅបន្ត មានតម្លៃគតិយុត្ត អនុវត្តរហូតដល់ មានលិខិតបទដ្ឋានគតិយុត្ត ថ្មីជំនួស លើកលែងតែបទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ។

ប្រការ៦ ៖បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយពីប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ អភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវទទួលបន្ទុក អនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕