៦ខែ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សជាង ៨០០នាក់ និងរបួសជាង ២ពាន់នាក់

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ៦ខែ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សចំនួន ៨៦១នាក់ និងរងរបួសចំនួន ២.៤៤៩នាក់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១​ កក្កដានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា តាមទិន្នន័យជាផ្លូវការបានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ១ឆមាស (ពីថ្ងៃទីខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា) ឆ្នាំ២០២០នេះ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ៥៥២លើក ស្មើ២៥% (១៦១៩លើ២១៧១លើក) ចំនួនមនុស្សស្លាប់ថយចុះ ១៧២នាក់ ស្មើនឹង១៧% (៨៦១លើ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ ៧៧៨នាក់ ស្មើនឹង២៤% (២៤៤៩លើ៣២២៧នាក់) ។

សម្ដេចបន្តថា ដូចគ្នានេះដែរបើប្រៀបធៀប គ្រោះថ្នាក់ចរាចរណ៍រយៈពេល ២ខែ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺខែឧសភា និងខែមិថុនា ឆ្នាំ២០២០ នឹងខែឧសភា និងខែមិថុនាឆ្នាំ២០១៩ គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ២៣៣លើក ស្មើនឹង៣៤% (៤៥៧លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ ៧៩នាក់ ស្មើនឹង២៥% (២៤១លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ ២៣៣នាក់ ស្មើនឹង២៣% (៧៦៦លើ៩៩៩នាក់) ។

សម្ដេចបន្ថែមថា តាមទិន្នន័យបញ្ជាក់ខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍ កាន់តែច្រើននៅពេលប្រទេសជាតិ មានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និង កំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ។

សម្ដេចក្រឡាហោម បានលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិ បន្តចូលរួមផ្តល់ជាមតិយោបល់ ក្នុងន័យស្ថាបនានិងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរឡើងគឺមានន័យថា អត្រាគ្រោះថ្នាក់ចរាចរណ៍ នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមាន របៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ។

សម្ដេច ស ខេង ក៏បានក្រើនរំលឹកថែមទៀត ដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឲ្យបាននូវ បាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ៕