សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋ អាជ្ញាធរដែនដី ចូលរួមថែរក្សាពូជត្រី និងអភិរក្សជីវចំរុះ ឲ្យបានគង់វង្ស

0

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាមច្ឆាជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀត ឲ្យបានគង់វង្ស ។​

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយ ពីដែននេសាទផង ជាពិសេសនៅតាមតំបន់ សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេស។

សម្ដេចបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀត ឲ្យបានគង់វង្សដើម្បីធានានិរន្តរភាព ធនធានជលផលឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស» ៕​