កម្មវិធីចំនួន២៥ ដែលបង្កើត ដើម្បីលួចយកទិន្នន័យ Facebook ត្រូវបានលុបចេញពី Play Store

0

កាលពីសប្ដាហ៍កន្លងទៅ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយណែនាំឱ្យ លោកអ្នកមានការប្រុងប្រយ័ត្ន ក្នុងការទាញយកកម្មវិធីណាមួយមកប្រើ ព្រោះវាអាចបង្កប់ជាមួយនឹងមេរោគ ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ។

ឥឡូវនេះក្រុមហ៊ុនហ្គូសហ្គល ទើបតែបានលុបចោលកម្មវិធីចំនួន ២៥ពី Play Store បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា កម្មវិធីទាំងនោះមានបង្កប់ជាមួយ នឹងមេរោគដើម្បីលួចយកទិន្នន័យ Facebook Credentials (Facebook Credentials គឺជាព័ត៌មានសំខាន់ៗ ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ ចូលគណនីហ្វេសប៊ុក ដូចជា ឈ្មោះ និង​លេខសម្ងាត់ជាដើម) ។

មុនពេលលុបចោល កម្មវិធីទាំង២៥នេះ មានការទាញយកចំនួនប្រមាណ ២,៣៤លានដង ហើយកម្មវិធីទាំងនេះត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុនតែមួយប៉ុណ្ណោះ។ ទោះបីជាកម្មវិធីនិមួយៗមានមុខងារផ្សេងៗគ្នាដូចជា កម្មវិធីសម្រាប់ កែរូបភាព កែវីដេអូ ឬ Wallpaper ក៏ដោយ ប៉ុន្តែវាសុទ្ធតែមានបង្កប់ ជាមួយនឹងមេរោគដូចៗគ្នា។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្គូសហ្គល បានលុបចោលកម្មវិធីនេះពី Play Store កាលពីដើមខែកន្លងទៅ ហើយក្រុមហ៊ុនក៏បានបញ្ឈប់ ដំណើរការកម្មវិធីនៅលើ ទូរសព្ទរបស់អ្នកប្រើប្រាស់ និងបានជូនដំណឹងដល់ពួកគេតាមរយៈ Play Protect ដែលមាននៅក្នុង Play Store រួចមកហើយផងដែរ។

រាល់ពេលដែល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ហោះព័ត៌មាន បច្ចេកវិទ្យាផ្សេងៗនៅក្នុង ទំព័រហ្វេសប៊ុក នាយកដ្ឋានតែងតែបានធ្វើការ ណែនាំដល់អ្នកប្រើប្រាស់ រាល់ពេលផងដែរ។ សម្រាប់ពេលនេះ នាយកដ្ឋានគ្រាន់តែក្រើនរំឭក ដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការ ទាញយកកម្មវិធីអ្វីមកប្រើប្រាស់ ចៀសវាងទាញយកកម្មវិធី ដែលមានមេរោគមកជាមួយ ដែលបណ្ដាលឱ្យឧបករណ៍ លោកអ្នកប្រើប្រាស់មានបញ្ហា ឬនាំឱ្យបាត់បង់ទិន្នន័យផ្ទាល់ខ្លួនជាដើម ៕