ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ពាក្យ «នវានុវត្តន៍» ដែលមហាជនបានចោទ សួរមកកាន់រាជបណ្ឌិត្យ សភាកម្ពុជានោះ ពុំមែនជាពាក្យដែលទើបតែ បង្កើតដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នោះទេ ។
តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១ កក្កដានេះ លោក សុខ ទូច បានបន្ថែមថា ពាក្យ «នវានុវត្តន៍» គឺជាពាក្យដែលត្រូវបានប្រើប្រាស់ ជាយូរណាស់មកហើយ ដោយពុំបានអនុម័តឆ្លងកាត់ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ប្រធានរាជបណ្ឌិតសភាកម្ពុជា ក៏បានសម្ដែងការអភ័យទោសចំពោះ លោកទេសរដ្ឋមន្ត្រី កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះការយល់ច្រឡំនេះផងដែរ ៕