ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ៣,២៣លានដុល្លារ ដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស (JDS)។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងនេះមានគោលដៅ ដោះស្រាយនូវរាល់បញ្ហាប្រឈម ក្នុងការអភិវឌ្ឍនៅកម្ពុជា គាំទ្រដល់រដ្ឋាភិបាល វ័យក្មេងដែលរំពឹងថា នឹងក្លាយជាអ្នកដឹកនាំ ក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រ អនុបណ្ឌិតឬបណ្ឌិត ពីគ្រឹះស្ថានឧត្តមសិក្សានៅជប៉ុន ។
មន្ត្រីដែលគាំទ្រដោយ គម្រោង JDS អាចប្រើប្រាស់ការសិក្សា បទពិសោធន៍ និងបណ្តាញធនធានមនុស្សតាមរយៈគម្រោង ដើម្បីបង្កើត និងអនុវត្តផែនការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា ។ គម្រោង JDS បានចាប់ផ្តើមជ្រើសរើស បេក្ខជនក្នុងឆ្នាំ២០០០ និងបានបញ្ជូននិស្សិតជំនាន់ទីមួយក្នុង ឆ្នាំ២០០១ ដូច្នេះឆ្នាំនេះគឺជាខួប ២០ឆ្នាំ នៃគម្រោង JDS ។
សូមរំលឹកថា ចាប់តាំងពីគម្រោង JDS នេះបានចាប់ផ្តើម គឺមាននិស្សិតសរុបចំនួន ៤៧០នាក់ហើយ ដែលទទួលបានអាហារូបកណ៍ពេញលេញ និងជំនួយផ្សេងៗទៀត ដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន ៕