ភ្នំពេញ៖ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស (LICADHO / លីកាដូ)បានឲ្យដឹងថា កម្មករ-កម្មការិនី រោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅកម្ពុជានឹងត្រូវប្រឈម ការលក់ដីឬផ្ទះ ដោយសារគ្មានលទ្ធភាព សងបំណុលធនាគារ ។
តាមរបាយការណ៍សង្ខេប រួមស្ដីពី ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើន លើសលុប ក្នុងវិស័យកាត់ដេរ នៅប្រទេសកម្ពុជា បានឲ្យដឹងទៀតថា កម្មករ-កម្មការិនី រោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុល មីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ ត្រូវបានបញ្ឈប់ពី ការងារហើយរោងចក្រ ដែលពួកគាត់ធ្វើការ ត្រូវផ្អាក ដំណើរការ ដោយសារបញ្ហាកូវីដ១៩ ។
បញ្ហានេះបង្កើតឱ្យមាន វិបត្តិរំលោភសិទ្ធិមនុស្ស ជាច្រើនដែលនាំឱ្យ ពួកគាត់ជួបការលំបាកខ្លាំង ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការ កាន់កាប់ដីធ្លី របស់ពួកគាត់ត្រូវរង សម្ពាធយ៉ាងខ្លាំង ពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។
អង្គការលីកាដូបញ្ជាក់ថា «ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុក បំណុលភ្លាម ៗទេនោះ កម្មករ-កម្មការិនី ទាំងនេះនឹងត្រូវប្រឈម នឹងការលក់ដីឬផ្ទះកាត់បន្ថយ ការបរិភោគ អាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសង បំណុលដែលមានស្រាប់» ។
នៅក្នុងរបាយការណ៍ “ ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលជារបាយការណ៍សង្ខេប រួមគ្នាមួយ រវាងសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារ សិទ្ធិមនុស្ស លីកាដូ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិ ជាមួយកម្មករ-កម្មការិនី ច្រើនជាង១៥០នាក់ (ភាគច្រើនជាស្ដ្រី) មកពីរោងចក្រកាត់ដេរចំនួន៣ ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាពីផលលំបាក នៃការជាប់ ជំពាក់បំណុល របស់ពួកគាត់ ខណៈដែលរោងចក្ររាប់រយ បានផ្អាកដំណើរការ ដោយសារការរីករាលដាល ជាសកល នៃវីរុសកូវីដ១៩ នេះ ៕