សូមបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាសុខភាព! ថ្ងៃនេះ ពុំរកឃើញករណី ជំងឺកូវីដ-១៩ ថ្មីទេ

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា គិតរហូតដល់ម៉ោង ៨:២០ព្រឹក ថ្ងៃទី ៣០ មិថុនា ២០២០ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ នៅ ១៤១នាក់ដដែល ចំនួនសំរាកនៅពេទ្យនៅសល់ ១១នាក់ ចំនួនជាសះស្បើយសរុប ចំនួន ១៣០នាក់ និងស្លាប់គ្មាន ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុង បន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

យើងត្រូវបន្តអនុវត្ត គម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ។ យើងបានធ្វើតេស្តចំនួន ៣៦១០៤ ស្មើនឹង ២១៧៤ ក្នុងចំណោម ១លាននាក់ ៕