ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់ អនាធិបតេយ្យនៅលើផ្លូវជាតិលេខ ២១A ក្រុងតាខ្មៅ ។
កាលចុះប្រើធម៌ក្ដៅ របស់លោកស្នងការខេត្តកណ្ដាល ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលទទួលរងផលប៉ះពាល់ពី រថយន្តដឹកខ្សាច់ចេញតាមដេប៉ូនានា ។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្ត និងអ្នកបើកបរ ។ ចំពោះរថយន្ត និង អ្នកបើកបរណាល្មើសច្បាប់ និងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
លោកស្នងការសង្កត់ធ្ងន់ថា ប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ នៅលើផ្លូវជាតិលេខ២១A រហូត ម្ចាស់អាជីវកម្មរថយន្ត ដឹកខ្សាច់ទាំងអស់រាងចាល ហើយចូលរួមគោរពច្បាប់ ឲ្យបានគ្រប់ៗគ្នា ៕