លោក គួច ចំរេីន ប្រកាសហាមដាច់ខាត ការទាលុយសេវាក្រៅ ពីប្រជាពលរដ្ឋ

0

ភ្នំពេញ៖ «មន្ត្រីត្រូវខិតខំបំរើសេវា ជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹង ការស្នើសុំសេវារបស់ប្រជាពលរដ្ឋ ក៍ដូចអាជីវករ ពាណិជ្ជករ តាមរយៈច្រកចេញ-ចូលតែមួយ ព្រោះយើងជាមន្ត្រី ជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋហាមដាច់ខាត ការទាលុយសេវាក្រៅពីប្រជាពលរដ្ឋ» នេះគឺជាប្រសាសន៍របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន បានបញ្ជាក់ថា «រដ្ឋបាលខេត្តបន្តលើកទឹកចិត្ត ដល់អ្នកវិនិយោគមកសុំចុះបញ្ជី នៅច្រកចេញចូលក្រុង-ខេត្ត ដើម្បីឱ្យខេត្ត មានលទ្ធភាពក្នុងការប្រមូល ពន្ធយកមកធ្វើការកសាង អភិវឌ្ឍន៍ខេត្តរបស់យើងបន្តទៀត ព្រមទាំងណែនាំឱ្យមន្ត្រី ត្រូវខិតខំបំរើសេវា ជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងការស្នើសុំសេវារបស់ប្រជាពលរដ្ឋ ក៍ដូចអាជីវករ ពាណិជ្ជករ តាមរយៈច្រកចេញ-ចូលតែមួយ ព្រោះយើងជាមន្ត្រី ជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋហាមដាច់ខាតការទាលុយសេវាក្រៅពីប្រជាពលរដ្ឋ។»

ក្នុងឱកាសនោះផងដែរលោកអភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះជាខួប ១ឆ្នាំនៃការចូលកាន់តំណែង អភិបាលខេត្តព្រះសីហនុ របស់លោក ដោយផ្អែកលើស្ថានភាពសង្គម បញ្ហាប្រឈមនឹងកូវីត-១៩ រាជរដ្ឋាភិបាលបានវាយតម្លៃ ពីផលប៉ះពាល់ ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ។ តាមស្ថិតិរបស់ក្រសួងផែនការ នៅឆ្នាំ២០១៧- ២០១៨ យើងមានប្រជាជនក្រីក្រចំនួន ៣,៩៧៧គ្រួសារ ចំពេលដែល កូវីត-១៩ កំពុងវាយលុកនៅទូទាំងពិភពលោក ក្រសួងផែនការសហការ ជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចុះធ្វើជំរឿនប្រជាពលរដ្ឋ ក្រីក្ររងផលប៉ះពាល់នឹងកូវីត-១៩ មានចំនួន ១,២៣៤គ្រួសារបន្ថែមទៀត កម្ពុជាមានប្រជាពលរដ្ឋក្រីក្រ រងផលប៉ះពាល់សរុប ៤,២១១គ្រួសារ ពួកគាត់ទទួល បានបា្រក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល។

លោក គួច ចំរើន បានបន្តថា រយៈពេលមួយឆ្នាំកន្លងមក យើងទទួលបានសមិទ្ធិផល ជាច្រើន ដោយសារការចូលរួមខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ រក្សាការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះបង្ក្រាបបទល្មើសបានចំនួន ៥០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១,១៨៥នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ៩៧ករណី បទល្មើសមជ្ឈឹម ៤១០ករណី ដកហូតអាវុធវែងបាន ៤ដើម អាវុធខ្លី ៣៦ដើម និងគ្រាប់ ៣,០៣៨គ្រាប់ ។ បង្ក្រាបគ្រឿងញៀនចំនួន ៣០០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៥៦នាក់ ដកហូតថ្នាំញៀន គ្រប់ប្រភេទបាន ៣៣,៦៨គីឡូក្រាម ។

លោកអភិបាលបន្តថា ការងារអភិវឌ្ឍន៍មូលដ្ឋាន តាមគោលការណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមគោលការណ៍ស្លឹកត្នោត ខ្ចប់ស្ករត្នោតលើគម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ សម្រេចបាន ៩៨ភាគរយ និងការរៀបចំខឿន ក្រាលការ៉ូឡា ដាំដើមឈើ-ដាំផ្កា បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុបចរាចរណ៍ និងកាំម៉ារ៉ាសុវត្ថិភាពចំនួន៥៣៣គ្រាប់។ ម្យ៉ាងទៀត ការប្រើប្រាស់កញ្ចប់ថវិកាសន្សំ របស់រាជរដ្ឋាភិបាល ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការស្ថាបនាផ្លូវចំនួន ១២ខ្សែ ប្រវែង ៥៨,៨៤៨ម៉ែត្រ ការស្ដារអូរ ប្រឡាយធម្មជាតិ ៥ខ្សែ ប្រវែង ១១,០៨៧ម៉ែត្រ។ ក្រៅពីនោះថវិកាថ្នាក់ក្រោមជាតិ ជួសជុលសាលាមត្តេយ្យសហគមន៍ចំនួន០៥ទីតាំង ជួសជុលផ្លូវបេតុងចំនួន១៦ខ្សែ ប្រវែង ៨.៩៣៦ម៉ែត្រ ជួសជុលផ្លូវអ៊ុតកៅស៊ូ AC ១ខ្សែ ប្រវែង ៤៤០ម៉ែត្រ និងផ្លូវកសាងដោយសប្បុរសជន ៤ខ្សែ ប្រវែង ៣,៨២៥ម៉ែត្រ។ ការងាររៀបចំ កែលម្អសម្អាតឆ្នេរសមុទ្របានប្រវែង ១៦,៩៤០ម៉ែត្រ រៀបចំខ្ចុសតាមគំរូគណកម្មការឆ្នេរ ៤៣ខ្ចុស។ សមិទ្ធិផលនេះ ដោយមានការចូលរួមគាំទ្រពីមន្ត្រីរាជការ និងមហាជន យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើសម្រាប់ប្រជាពលរដ្ឋ៕