ជប៉ុន សរសើរកម្ពុជា ក្នុងការគ្រប់គ្រង ស្ថានភាពជំងឺកូវីដ១៩

0

ភ្នំពេញ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាត មេរោគកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះ កម្ពុជាទទួលបាន តែករណីនាំចូល ពីខាងក្រៅប៉ុណ្ណោះ ។ នេះបើយោងតាម ក្រសួងសាធារណៈការ និងដឹកជញ្ជួន។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ទាក់ទង នឹងការឆ្លងរាតត្បាត នៃមេរោគកូវីដ-១៩នេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឲ្យ លោកទេសរដ្ឋមន្ត្រី ពិចារណាលើការបន្ធូរបន្ថយ ចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូថា នឹងលើកបញ្ហានេះ ទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាព បន្ធូរបន្ថយ ចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគកូវីដ-១៩ នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេស ជប៉ុនអាចមកបំពេញ ការងារនៅកម្ពុជា ដោយគ្មានភាពរាំងស្ទះ។

សូមបញ្ជាក់ថា ជំនួបនេះមានគោលបំណង ពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោង ជំនួយអភិវឌ្ឍន៍ផ្លូវការ នៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមក ស្ដីអំពីផលប៉ះពាល់ មេរោគកូវីដ-១៩ ស្តីពីការអនុវត្តគម្រោង របស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ ពីភាគីជប៉ុនទាក់ទងនឹង គម្រោងកំពង់ផែក្រុងព្រះសីហនុ ផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ ជូនគណៈប្រតិភូអំពីដំណើរការរលូន នៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ ពង្រីកនិងលើកកម្ពស់ គុណភាពផ្លូវជាតិ លេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេល ដែលពិភពលោក កំពុងទទួលរងនូវ ការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួម មានកម្ពុជាផងដែរ ។

សូមរំលឹកផងដែរថា គិតត្ររឹមថ្ងៃទី២៨ មិថុនា ២០២០ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន១៤១នាក់ (សុទ្ធសឹងតែជាករណីនាំចូលទាំងអស់) ក្នុងនោះព្យាបាលបានជាសះស្បើយចំនួន ១៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន ១១នាក់ និងគ្មានអ្នកស្លាប់ឡើយ ៕