ប្រយ័ត្ន! ទិញតែអេតចាយបានហើយ សូមកុំទិញអានេះ

0

ភ្នំពេញ៖ ជាសារដាស់តឿនមួយ ទៅកាន់អ្នកទិញ-លក់ អេតចាយទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះការទិញដូរ របស់របរអេតចាយ ជាក់ស្ដែង នៅល្ងាចថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ នេះមានករណី ផ្ទុះគ្រាប់កាំភ្លេីងធំ ១០៥មីលីម៉ែត្រ ស្លាប់បុរស អាយុ៥៥ឆ្នាំ ដែលជាម្ចាស់ស្តង់ទិញលក់អែតចាយ និងកែឆ្នៃធ្វើឧបករណ៍គ្រឿង បន្លាស់ផេ្សងៗ ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

បើតាមនគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពបានរៀបរាប់សាច់រឿងថា តាមការបំភ្លឺរបស់កូនបង្កើត ជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានឲ្យដឹងថា នៅអំឡុងប្រហែលជាង១០ឆ្នាំមុន ជនរងគ្រោះបានបង្កើត សិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារ។

លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់ប្រភេទពុំស្គាល់ ដោយប្រើម៉ូទ័រមកអារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន។ រំពេចនោះ ស្រាប់តែផ្ទុះគ្រាប់យ៉ាងសន្ធឹក ដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។
នៅក្នុងហេតុការនេះលោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌលកំចាត់មីនកម្ពុជា តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ក៏បានចូលរួមសោកស្តាយ ជាមួយគ្រួសារសព ផងដែរ។

ឆ្លៀតឱកាសនេះ លោកក៏បាន អំពាវនាវជាថ្មីចំពោះប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរគ្រឿងអេតចាយ សូមបញ្ឈប់ការយកគ្រប់សំណល់ពីសង្គ្រាមមកកែឆ្នៃ ព្រោះវាខុសច្បាប់និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង សមាជិកគ្រួសារ និងអ្នកជិតខាង៕