ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។នេះបើយោងតាមហ្វេសប៊ុកសម្ដេចតេជោ នាយករដ្ឋមន្រ្តី។
វិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំ នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុត នៅក្នុងប្រទេសដែលតែងតែទទួល បានការបោះឆ្នោតគាំទ្រ ពីប្រជាពលរដ្ឋ អោយបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ។

សម្ដេច តេជោ ហ៊ុន សែន ក៏ បាន អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។
សូមរំលឹកថា អគារ ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នេះ មានបណ្ដោយ១៥០ម៉ែត្រ ទទឹង៧៤ ម៉ែត្រ កម្ពស់៤៨ម៉ែត្រ។ជាន់ផ្ទាល់ដីមាន ចំណតរថយន្ត ជាង៥០០ចំណត និងទីធ្លាមុខអាគារអាចចតរថយន្ត បាន៣០០គ្រឿង។ ចំណែក នៅជាន់លើគឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួន ប្រមាណជា១ម៉ឺននាក់។

អគារនេះមានកម្ពស់៥ ជាន់ ដោយមានសាល បដិសណ្ឋារកិច្ច មានក្រឡាផ្ទៃប្រមាណ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង៤,០០០នាក់, មានអាហារដ្ឋាន នៅផ្នែកខាងត្បូងអាគារដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។
ជាងនេះទៅទៀត អគារគណបក្សប្រជាជនកម្ពុជាថ្មី ក៏បង្ហាញឲ្យឃើញពីភាពរឹងមាំ និងជានិមិត្ត រូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា តាំងពីអតីតកាល បច្ចុប្បន្ន និងទៅ អនាគតកាល៕



