ភ្នំពេញ៖ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ១៩ ដែលបានរាតត្បាត ក្នុងប្រទេសជាង២០០ នៅលើពិភពលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជា មិនសូវទំនើបដូចគេ ក៏ប៉ុន្តែបានខិតខំពង្រឹង ការត្រួតពិនិត្យ សុខភាពប្រជាពលរដ្ឋ ក្នុងប្រទេសគ្រប់ច្រកទាំងអស់ ដោយមិនធ្វេសប្រហែសឡើយ។
តាមរយៈ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរយ៉ាងដូចច្នេះថា សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សា សុខភាព អោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩ ។
សម្ដេចបញ្ជាក់ថា «កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។»
ចាប់តាំងពីថ្ងៃទី ២០ ខែ ឧសភា កន្លងទៅនេះ កម្ពុជាយើងបានរកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៧នាក់ ហើយនៅថ្ងៃទី ២៦ ខែ មិថុនា កន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី ៩នាក់ថែមទៀត ដែលពួកគាត់ទើប បានធ្វើដំណើរមកពី ប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះសរុបមកកម្ពុជាយើងគឺមានចំនួន អ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន ១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន ១២៩នាក់ នឹងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យសូវៀតចំនួន ១០នាក់។ ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខ ពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់។
ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ រស់នៅ មានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួន មនុស្សប្រមូលផ្តុំច្រើន ដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។
ជាចុងបញ្ចប់សម្ដេចក៏បាន ជូនពរបងប្អូនជនរួមជាតិ បានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា។
សូមរំលឹកថា មកដល់ពេលនេះកម្ពុជា មានអ្នកជំងឺកូវីដ១៩សរុបចំនួន១៣៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១០នាក់ និងគ្មានអ្នកស្លាប់៕