វីរុសកូវីដ១៩ ដ៏កាចសាហាវ នឹងអាចចូលក្នុងខ្លួនយើងភ្លាម ប្រសិនបើមានការធ្វេសប្រហែស តែមួយភ្លែត

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារដាស់តឿនដល់ប្រជាពលរដ្ឋ ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ជាប់ជានិច្ច នូវការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តន៍អោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។

តាមរយៈបណ្ដាញទំនាក់ទំនង តេលេក្រាមលោកស្រី រដ្ឋលេខាធិការ បានសរសេរយ៉ាងដូច្នេះថា «សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ រងចាំតែមានឱកាស មានការធ្វេសប្រហែស និងឲ្យតែមានពេលចន្លោះ តែមួយភ្លែតៗ ដែលយេីងមិនបានការពារខ្លួន វីរុសដ៏កាចសាហាវនេះ នឹងអាចឆ្លងមកចូលខ្លួនយេីងហេីយណាបងប្អូន។ »

លោកស្រីបញ្ជាក់ថា មានតែការការពារ តាមវិធានការដែលបានណែនាំ ដោយក្រសួងសុខាភិបាលជារឿយៗ មកហេីយនោះទេ ដែលអាចជួយបងប្អូន ចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩ នេះបាន។

ជាមួយគ្នានេលោកស្រី ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ មានសុខភាពល្អ ចៀសផុតពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសរួមគ្នាទប់ស្កាត់ ឲ្យបាននូវរលកទីពីរ នៃការចម្លងវីរុសដ៏កាចសាហាវ។

សូមរំលឹកថា មកដល់ពេលនេះកម្ពុជា មានអ្នកជំងឺកូវីដ១៩សរុបចំនួន១៣៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១០នាក់ និងគ្មានអ្នកស្លាប់៕