អតីតមន្រ្តីល្បីខាង រំលោភយកដីរដ្ឋ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

0

ភ្នំពេញ៖ លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី ។

លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន នៅរសៀលនេះ នៅពេលចូលទៅបំភ្លឺករណីរំលោភលើដីសាធារណៈរបស់រដ្ឋប្រមាណ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី។

សូមរំលឹកថា លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ បញ្ចប់តំណែង ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមសំណើទូលថ្វាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

លោកក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតំណែងចេញ ពីក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ផងដែរ។ ជាការកត់សម្គាល់ការ សម្រេចដកលោក សេង សុវណ្ណារ៉ា ពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី បានកើតមានឡើងបន្ទាប់ពីផ្ទុះរឿងរ៉ាវពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕