មេទ័ពកម្ពុជា៖ ទោះបីកម្ពុជាគ្មានអ្នកស្លាប់ តែការគំរាមកំហែង ពីមេរោគកូវីដ-១៩នៅមានកម្រិតខ្ពស់

0

ភ្នំពេញ៖ ក្នុងន័យផ្ញើសារដាស់តឿន បងប្អូន ប្រជាពលរដ្ឋ កងប្រដាប់អាវុធ ទាំងអស់ ក្នុងការការពារនៃការរីករាលដាលជំងឺកូវីដ១៩ មេទ័ពកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ទោះបីកម្ពុជាគ្មានអ្នកស្លាប់ និងមានអត្រាជាសះស្បើយច្រើនយ៉ាងណាក្តី តែស្ថានភាពនៃការគំរាមកំហែងពីមេរោគកូវីដ-១៩ គឺនៅមានកម្រិតខ្ពស់នៅឡើយ។

តាមរយៈបញណ្ដាញហ្វេសប៊ុក សម្ដេចពិជ័យសេនា បានសរសេរយ៉ាងដូច្នេះថា «បើទោះជា មិនធ្លាប់មានករណីបាត់បង់ជីវិត និងមានអត្រាជាសះស្បើយច្រើនយ៉ាងណាក្តី ស្ថានភាពនៃការគំរាមកំហែងពីមេរោគកូវីដ-១៩ គឺនៅមានកម្រិតខ្ពស់នៅឡើយ។ »

សម្ដេចបន្តថា ហេតុនេះ សូមបងប្អូនបន្តចៀសវាង ការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់ វិធានការនានា ដែលក្រសួងសុខាភិបា លបានណែនាំ។

សូមរំលឹកថា មកដល់ពេលនេះកម្ពុជា មានអ្នកជំងឺកូវីដ១៩សរុបចំនួន១៣៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១០នាក់ និងគ្មានអ្នកស្លាប់៕